ហ្វីលីពីន និងវៀតណាម រួមគ្នាធ្វើសមយុទ្ធកងកម្លាំងឆ្មាំសមុទ្រលើកដំបូង ក្នុងសមុទ្រចិនខាងត្បូង
ម៉ានីល៖កងកម្លាំងឆ្មាំសមុទ្រហ្វីលីពីន និងវៀតណាម បានរួមគ្នាធ្វើសមយុទ្ធលើកដំបូងនៅសមុទ្រចិនខាងត្បូង ដែលជាតំបន់ដែលមានជម្លោះជាមួយចិន។ សមយុទ្ធនេះផ្តោតលើកិច្ចសហប្រតិបត្តិការមនុស្សធម៌ ដូចជាការពន្លត់អគ្គីភ័យ ការជួយសង្គ្រោះ និងការឆ្លើយតបផ្នែកវេជ្ជសាស្រ្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។
សមយុទ្ធនេះត្រូវបានធ្វើឡើងនៅពេលដែលហ្វីលីពីន ទើបតែបញ្ចប់សមយុទ្ធយោធាជាមួយអូស្ត្រាលី កាណាដា និងសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានសេរីភាព និងបើកចំហ។
ចិនអះអាងកម្មសិទ្ធិលើស្ទើរតែទាំងស្រុងនៃសមុទ្រចិនខាងត្បូង និងបានដាក់ពង្រាយកងកម្លាំងឆ្មាំសមុទ្រយ៉ាងច្រើននៅក្នុងតំបន់នោះ។ កងកម្លាំងឆ្មាំសមុទ្រចិនត្រូវបានចោទប្រកាន់ពីបទឈ្លានពាន និងរំខានដល់សកម្មភាពនេសាទ និងថាមពលរបស់ប្រទេសជិតខាង។ ទោះយ៉ាងណា ចិនបានអះអាងថា កងកម្លាំងឆ្មាំសមុទ្ររបស់ខ្លួនកំពុងធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងស្របច្បាប់ ដើម្បីការពារទឹកដីរបស់ខ្លួន៕