ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង ៖មន្ត្រីនៃមន្ទីរបរិស្ថានរាជធានីត្រូវរួមគ្នាទប់ស្កាត់ ឱ្យខានតែបាននូវចរន្តប្រឆាំង ដែលមាននិន្នាការបង្កចលាចលសង្គម ក្រោមរូបភាពការពារបរិស្ថាន និងការពារធនធានធម្មជាតិ

54


ភ្នំពេញ៖ពិធីសំណេះសំណាលនិងសួរសុខទុក្ខជាមួយមន្ត្រីរាជការមន្ទីរបរិស្ថានរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៣ខែសីហាឆ្នាំ២០២៤ នៅមន្ទីរបរិស្ថានរាជធានីភ្នំពេញ។
លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញបានលើកឡើងថា៖ មន្ទីរបរិស្ថានរាជធានីភ្នំពេញបានបង្កើតឡើងនៅឆ្នាំ១៩៩៣ មាន៧ការិយាល័យនិងមានមន្ត្រីបំរើការងារចំនួន៥៣រូប ស្រី៨រូបនិងមន្រ្តីស្ម័ក្រ
ចិត្ត១រូប។ ចាប់ពីថ្ងៃទី១៥ឧសភារហូតមមកដល់បច្ចុប្បន្នយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចលនាអោយមានការចូលរួមពីខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ បាន១០០%។ ជាមួយនិងការប្តេជ្ញាចិត្តក្នុងការបណ្តុះកូនឈើអោយបានធ្វេដង។
ក្នុងពិធីនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានមានប្រសាសន៍ ណែនាំអោយមន្ទីរបរិស្ថានរាជធានីភ្នំពេញ យកចិត្តទុកដាក់ខិតខំអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតសំខាន់ លើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ជាពិសេសចូលរួមអនុវត្ត “យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨” របស់ក្រសួងបរិស្ថាន ឱ្យ ទទួលបានជោគជ័យ។ បន្តរួមគ្នាលើកកម្ពស់អនាម័យ-បរិស្ថាន និងសោភ័ណភាពទីក្រុង។ ឯកឧត្ដមបញ្ជាក់ទៀតថា៖មន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវជំរុញការផ្សព្វផ្សាយបរិស្ថាន ឱ្យបាន ជ្រួតជ្រាបកាន់តែទូលំទូលាយ ទៅក្នុងស្រទាប់មហាជន ជាពិសេសសិស្ស-និស្សិត ឱ្យស្រឡាញ់បរិស្ថាន និងមានស្មារតីចូលរួមក្នុងកិច្ចគាំពារបរិស្ថាន តាមរយៈយុទ្ធនាការ និងការបង្កើតកម្មវិធីផ្សេងៗ។ លើសពីនេះ ត្រូវរួមគ្នាទប់ស្កាត់ ឱ្យខានតែបាននូវចរន្តប្រឆាំង ដែលមាននិន្នាការបង្កចលាចលសង្គម ក្រោមរូបភាពការពារបរិស្ថាន និងការពារធនធានធម្មជាតិ ឬ រូបភាពផ្សេងៗ ដោយត្រូវមានភាពបុរេសកម្មក្នុងការឆ្លើយបំភ្លឺ និងចាត់វិធានការ ឱ្យបានទាន់ពេលវេលា និងម៉ឺងម៉ាត់បំផុត។
ឯកឧត្ដមបានបន្តថា៖ រយៈពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្តាប់តូច នៅតែបន្តអនុវត្តគ្រប់ឧបាយកលបំផុសបំផុលបង្កឱ្យមានចលាចល ញុះញង់ឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស-និស្សិត និងប្រជាពលរដ្ឋ ធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសុវត្ថិភាពសង្គម ពាក់ព័ន្ធនឹង “កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ (DTA)” ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ មកម៉្លេះ។ ក្នុងន័យនេះឯកឧត្ដមស្នើ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវស្វែងយល់ និងស្តាប់ការពន្យល់បកស្រាយយ៉ាងក្បោះក្បាយរបស់ សម្តេចតេជោ ហ៊ុន សែន ហើយត្រូវរួមគ្នាខិតខំផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ ញាត្តិសន្តាន មិត្តភក្តិ និងសហការីទាំងអស់ តាមគ្រប់មធ្យោបាយ និងអស់ពីលទ្ធភាពទាំងក្នុងកម្រិតអង្គភាព និងផ្ទាល់ខ្លួន។
ឯកឧត្ដមអភិបាលរាជធានីណែនាំថា៖ត្រូវចូលរួមថ្លែងសារគាំទ្រ និងចែករំលែកព័ត៌មានពិតរបស់រាជរដ្ឋាភិបាលជុំវិញករណីនេះ ក្នុងបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន ឬ មធ្យោបាយផ្សេងៗ ដើម្បីបន្សាប និងវាយបកចំពោះចេតនាដ៏ខ្មៅងងឹត ប្រកបដោយគ្រោះថ្នាក់របស់ក្រុមជ្រុលនិយមទាំងនេះ។
ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើងថា៖ ពាក់ព័ន្ធនិងតំបន់ ត្រីកោណនៅព្រំដែនកម្ពុជា វៀតណាមនិងឡាវ មិនបានបាត់បង់ងាយៗនោះទេ យើងមាន ច្បាប់ជាតិនិងច្បាប់អន្តរជាតិជាមួយនិងការសហការជាមួយកងកម្លាំងប្រដាប់អាវុធមិនអាចយកស្រួលៗបានទេ។ ឯកឧត្តមបណ្ឌិត បានបន្តែមថា៖ សម្រាប់ក្រសួងបរិស្ថានក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារដែនដីរបស់យើងផងដែរ ដោយយើងបាននិងកំពុងដាំដើមត្នោតនៅតាមបន្ទាត់ព្រំដែនប្រមាណ៣០ម៉ឺនដើម ហើយនឹងបន្តដាំរាប់លានដើមទៀតនៅតាមព្រំដែនខ្មែររបស់យើង។ជាមួយគ្នានេះយើងក៏នឹងពង្រីកកម្របព្រៃឈើអោយបាន៦០%នៅឆ្នាំ២០៥០ ដែលវានឹងផ្តល់គម្របបៃតង ផ្តល់ខ្សល់អាកាសបរិសុទ្ធអោយមនុស្សលោក។បន្ថែមពីនេះយើងក៏ទទួលបានថវិកាពីគម្រប់បៃតងនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង