ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមកើត ឆែ ៖គណៈបញ្ជាការឯកភាពរាជធានីត្រៀមកម្លាំងរួចជាស្រេចគឺមិនឱ្យចលនាជ្រុលនិយមកើតមានជាដាច់ខាត ដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយ ធានាបាន១០០ភាគរយ

49

ភ្នំពេញ៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តមកើត ឆែ អភិបាលរងរាជធានី តំណាងអោយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ជុំវិញការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានី ឯកឧត្តមកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា៖ ចំពោះការងារទប់ស្កាត់បទល្មើសនានា ជាមួយការងារថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងនាមគណៈបញ្ជាការឯកភាពរាជធានី យើងបានធ្វើឡើងជាប្រចាំនិងទទួលបានភាពកក់ក្តៅពីប្រជាពលរដ្ឋ។ចំពោះ ក្រុមអគតិ និងពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នាថ្ងៃទី១៨សីហាខាងមុខនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេចហើយ គឺមិនអោយកើតមានចលនាជ្រុលនិយមខាងលើនេះ កើតមានជាដាច់ខាត ដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយ ធានាបាន១០០ភាគរយ។ចំពោះការងារបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ ឯកឧត្ដម កើត ឆែ បានលើកឡើងថា៖ យើងនឹងបន្តបំរើប្រជាពលរដ្ឋអោយអស់លទ្ធភាព ក្នុងការបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ ដូចជាការបាក់ដើមឈើ រលំប៉ាណូនិងគ្រោះលិចលង់ដោយជំនន់ទឹកភ្លៀងជាដើម។
ក្នុងកិច្ចប្រជុំនោះឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវយល់អោយបានច្បាស់ពីតួនាទីនិងភារកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សារាជធានីភ្នំពេញនិងរដ្ឋបាលរាជធានីភ្នំពេញមានតួនាទីនិងភារកិច្ចរបស់ខ្លួនខុសគ្នាដាច់។
ឯកឧត្ដមបញ្ជាក់ថា ក្រុមប្រឹក្សារាជធានីភ្នំពេញ គ្មានការងារគ្រប់គ្រង សន្តិសុខ សណ្តាប់ធ្នាប់ឬបញ្ជាកងកម្លាំងអ្វីឡើយ។ក្រុមប្រឹក្សាមានសិទ្ធិអំណាចត្រឹមតែលើកឡើងជាសំណើរទៅរដ្ឋបាលរាជធានីភ្នំពេញពីចំណុចខ្វះខាតដើម្បីអោយរដ្ឋបាលរាជធានីឬ រដ្ឋបាលខណ្ឌ កែលម្អរនិងអនុវត្តតាមតែប៉ុណ្ណោះ។តែសម្រប់រដ្ឋបាលរាជធានីភ្នំពេញវិញ មានតួនាទី ភាកិច្ចច្រើន ជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ អាចបញ្ជាកងកម្លាំងគ្រប់ប្រភេទបាន ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពនិងបំពេញការងាររដ្ឋបាលជាច្រើនទៀត។
ជាមូយគ្នានេះដែរ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានលើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារយ៉ាងល្អក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនាពេលកន្លងមកនេះ។សូមអោយបន្តការងារនេះអោយកាន់តែល្អ ពិសេសទប់ស្កាត់អោយបានចំពោះ ចលនា ពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នាថ្ងៃទី១៨សីហាខាងមុខនេះ។ បន្ថែមពីនេះសមាជិកក្រុមប្រឹក្សារាជធានីក៏បានស្នើអោយរដ្ឋបាលរាជធានី បង្ការ ទប់ស្កាត់គ្រោះអគ្គីភ័យនិងគ្រោះធម្មជាតិផ្សេងៗ។
គួរបញ្ជាក់ថា៖ អង្គប្រជុំនេះបានពិនិត្យនិងអនុម័តលើរបៀបវារៈ ចំនួន៦ ក្នុងនោះរួមមាន៖១- ពិនិត្យ និងអនុម័តលើច្បាប់ឈប់សម្រាករបស់ ឯកឧត្តម ម៉ក់ ថាយ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញដែលអវត្តមានក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ចំនួនពីរលើកជាប់គ្នា។ ២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ ៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ២០២៥ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ។៦- ពិនិត្យ និងឆ្លងលើសេចក្តីព្រាងផែនការចំណូល ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់ រដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង