រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតនិងផ្លាស់ប្តូរសមាសភាពថ្មី អ្នកនាំពាក្យរបស់រដ្ឋបាលរាជធានី
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានផ្លាស់ប្តូរនឹងការ បង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញជាថ្មី គឺជា«អ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ»ក្រោយពីលោកម៉េត មាសភក្តី នាយកទីចាត់ការផែនការ និងវិនិយោគនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្តូរទៅបំពេញការងារថ្មីនៅខេត្តឧត្តមានជ័យ។
យោងតាមដីកាស្តីពីការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញត្រូវបានអនុម័តពីក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៥សីហា ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម កើត ឆែ អភិបាលរងរាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
ដីកាស្តីពី ការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ សម្រេច៖
ប្រការ ១.-ត្រូវបានបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានសមាសភាពដូចខាងក្រោម៖ ១. ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន។ ២. លោកស្រី ពេជ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ ជាសមាជិកា។ ៣. លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាលសាលារាចធានីជាសមាជិកា។៤. លោក សេង បញ្ញា នាយកស្តីទីទីចាត់ការផែនការ និងវិនិយោគរាជធានី ជាសមាជិក។
ប្រការ ២.-មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ។ មន្ត្រីទទួលបន្ទុកព័ត៌មានត្រូវជួយក្រុមប្រឹក្សាក្នុងការធានាឱ្យមានការទទួលផ្សព្វផ្សាយ និងកែតម្រូវព័ត៌មានជាសាធារណៈ ឱ្យបានកាន់តែទូលំទូលាយ មានតម្លាភាព និងមានប្រសិទ្ធភាព៕