ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ ព្រែកជីកហ្វូណនតេជោនឹងជីកជម្រៅ ៥.៤ម៉ែត្រ នៅក្រោមទឹកទាបបំផុតរបស់ទន្លេមេគង្គ ទោះខែប្រាំងក៏មានទឹកធ្វើចរាចរណ៍បាន

51


ភ្នំពេញ៖ឆ្លើយតបទៅនឹងការលើកឡើង របស់ជនមួយក្តាប់តូច ដែលមិនមានមូលដ្ឋានច្បាស់លាស់ ទាក់ទងនឹងជម្រៅទឹកព្រែកជីកហ្វូណនតេជោ, ឯកឧត្ដមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ បានឱ្យដឹងថា ការជីកព្រែកជីកហ្វូណនតេជោ គឺបានកំណត់ច្បាស់យកជម្រៅ ៥.៤ម៉ែត្រនៅក្រោមទឹកទាបបំផុត របស់ទន្លេមេគង្គ ទន្លេបាសាក់ ដែលយោងតាមស្ថិតិ ៤០ឆ្នាំកន្លងមកនេះ។
ឯកឧត្ដមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅ ក្នុងកម្មវិធីបាឋកថា ស្តីពី «សក្តានុពលនៃព្រែកជីកហ្វូណនតេជា សម្រាប់ការអភិវឌ្ឍកម្ពុជា» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។
លោក ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «មានអ្នកខ្លះថាជីកព្រែកហ្វូណន តែ ៥.៤ម៉ែត្រ ខែប្រាំងមានទឹកឯណា ស្ងួតចែសហើយជិះអីកើត ជិះកើតតែខែវស្សាទេ។ មិនចឹងនោះទេ ពេលក្រុមបច្ចេកទេសសិក្សា បានលម្អិតហើយថា ជីកជម្រៅ ៥.៤ម៉ែត្រ មិនមែនជីកពីផ្លូវចុះត្រឹម ៥.៤ម៉ែត្រហើយឈប់នោះទេ គឺជីកជម្រៅ ៥.៤ម៉ែត្រ នៅក្រោមទឹកទាបបំផុតរបស់ទន្លេមេគង្គ ទន្លេបាសាក់ ដែលយោងតាមស្ថិតិ ៤០ឆ្នាំកន្លងមក ដូចនេះកន្លែងខ្លះ អាចត្រូវជីករហូតដល់ ៣០ម៉ែត្រ ដើម្បីបានជម្រៅ ៥.៤ម៉ែត្រនេះ»។
ឯកឧត្ដមស៊ុន ចាន់ថុល បានបន្ថែមថា ដើម្បីឱ្យយើងអាចដំណើរការបានគ្រប់រដូវ គឺត្រូវជីកឱ្យបានជម្រៅ ៥.៤ម៉ែត្រនៅក្រោមទឹកទាបបំផុត ដែលជាក់ស្តែងតំបន់ខ្លះនៅខេត្តតាកែវ ត្រូវជីករហូតដល់ ៣០ម៉ែត្រ ដើម្បីឱ្យបានជម្រៅ ៥.៤ម៉ែត្រនេះ ហើយកន្លែងផ្សេៗទៀតក៏ត្រូវធ្វើដូវនេះដែរ គឺធ្វើយ៉ាងណាឱ្យបានជម្រៅ ៥.៤ម៉ែត្រ ក្រោមទឹកទាបបំផុតរបស់ទន្លេ។ ក្នុងនោះកន្លែងខ្លះ រដូវប្រាំងមានជម្រៅយ៉ាងតិចបំផុត ៥.៤ម៉ែត្រ ហើយរដូវវស្សាអាចមានជម្រៅជាង ១០ម៉ែត្រក៏មានដែរ។
ឯកឧត្ដម ស៊ុន ចាន់ថុល បានបន្ថែមថា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជានេះ មានចំនួន ៣៨គីឡូម៉ែត្រ ដែលយើងនឹងត្រូវតម្រង់កុំឱ្យផ្លូវនេះកោងខ្លាំងពេក ដែលអាចនាំឱ្យមានបញ្ហាពេលកប៉ាល់ បើកបរ តាមផ្លូវទឹកនេះផងដែរ។
សូមបញ្ជាក់ដែរថា ព្រែកជីកហ្វូណនតេជោ ត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង។ ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូត ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
ព្រែកជីកហ្វូណនតេជោ នឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។
គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុង អំឡុងឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១.៧ពាន់លានដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគ របស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះ នឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕

អត្ថបទដែលជាប់ទាក់ទង