ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យការរៀបចំពិធីសាសនាផ្សេងៗ ត្រូវមានស្ដង់ដារតែមួយ, អាចារ្យត្រូវប្រកាន់ខ្ជាប់សីលធម៌ដូចគ្នា ចៀសវាងជម្លោះកើតឡើង

65

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់អាចារ្យ អាចារិនី ដែលជាអ្នកដឹកនាំក្នុងកម្មវិធីសាសនាផ្សេងៗ ត្រូវតែប្រតិបត្តិទៅតាមស្ដង់ដាររួមតែមួយ ដោយប្រកាន់ខ្ជាប់តាមធម្មវិន័យព្រះពុទ្ធសាសនា និងរក្សានូវក្រមសីលធម៌សង្គម ដើម្បីចៀសវាងជម្លោះកើតឡើង។
ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាព ជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល ដែលរៀបចំដោយក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា អាចារ្យ អាចារិនី ក្នុងនាមជានាយកជន (អ្នកដឹកនាំ) ក្នុងពិធីកម្មផ្សេងៗត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ពោលមិនត្រឹមតែមានភាពឆ្លាតក្នុងការដឹកនាំគេឲ្យ អនុវត្តបានត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានពហុចំណេះដឹង ទាំងផ្លូវលោក ផ្លូវធម៌ និងពិធីកម្មផ្សេងៗច្បាស់លាស់ទៅតាមក្បួនច្បាប់ពីបុរាណ ដែលដូនតាយើងបានបន្សល់ទុកឲ្យ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រពៃណីវប្បធម៌ និងការប្រតិបត្តិ ក្រមសីលធម៌របស់អាចារ្យត្រូវដូចគ្នា នោះនៅពេលដាក់អាចារ្យពីរនាក់ទន្ទឹមគ្នាអត់មានបញ្ហា ហើយមានការវិវឌ្ឍទៅថ្ងៃក្រោយ សូមមានការឯកភាពមូលដ្ឋាន […] អ្នកដឹកនាំកម្មវិធី ឬនាយកជន គឺសំខាន់ណាស់ដូច្នេះការឯកភាពគ្នានូវទំនៀមទម្លាប់ប្រពៃណីខ្មែរមួយ ត្រូវតែមានការឯកភាពគ្នា។ វគ្គបណ្ដុះបណ្ដាល គឺជារឿងសំខាន់»។
ក្នុងន័យនេះ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យមានការរៀបចំតាក់តែងក្របប្រតិបត្តិ ឬវិធាន ដោយមានគណៈកម្មការមួយច្បាស់លាស់ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងករណីចង់ធ្វើការកែប្រែចំណុចណាមួយនៃពិធីផ្សេងៗ។ សម្ដេចធិបតី បានបន្ដថា អាចារ្យប្រៀបដូចជាគ្រូពេទ្យយ៉ាងដូច្នេះដែរ នៅពេលរៀបចំកម្មវិធីអ្នកដែលចូលរួមត្រូវប្រតិបត្តិតាម ដូច្នេះមិនអាចមានការខុសឆ្គងដោយប្រការណាមួយ តាមរយៈការផ្លាស់ប្ដូរ ឬកែសម្រួលដោយមិនមានស្ដង់ដាររួមនោះឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ដទៀតថា បើទោះបីទំនៀមទម្លាប់ប្រពៃណីត្រូវបានវិវឌ្ឍន៍ពីមួយសម័យកាល ទៅមួយសម័យកាល ប៉ុន្ដែត្រូវរក្សានូវអត្តសញ្ញាណជាតិ និងមានការឯកភាពគ្នា។ សម្ដេចបានចាត់ទុកទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីដ៏ថូរថង់របស់ខ្មែរ ជារឿងសំខាន់ណាស់ ខណៈអាចារ្យ អាចារិនី ជាអ្នកដើរតួប្រតិបត្តិផ្ទាល់តែម្ដង។ សម្ដេចបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលគ្រាន់តែជួយតម្រង់ទិស ប៉ុន្ដែការប្រតិបត្តិអាស្រ័យលើតួអង្គអាចារ្យ អាចារិនី ដែលដើរតួនាទីសំខាន់ក្នុងការថែរក្សា អភិរក្ស ទំនៀមទម្លាប់ខ្មែរ។
បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មើលឃើញថា អាចារ្យ អាចារិនី ក្រៅពីមានតួនាទីដឹកនាំរៀបចំពិធីកម្មផ្សេងៗ ក៏អាចចូលរួមសកម្មភាពជួយដល់សង្គមតាមរយៈផ្តល់ការអប់រំ ប្រជាជន យុវជន កូនចៅរបស់ប្រជាពលរដ្ឋឲ្យវៀរចាកទុច្ចរិត និងអំពើអបាយមុខផ្សេងៗ, ដូចជា គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង អំពើហិង្សា និងការជួញដូរមនុស្ស ជាដើម, ហើយសកម្មភាពនេះនឹងរួមចំណែកដល់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រសួងធម្មការ និងសាសនា បន្តបណ្តុះបណ្តាលឲ្យបានជាប់ជាប្រចាំ ព្រោះការបើកវគ្គបណ្តុះបណ្តាលនេះ គឺជាយន្តការដ៏មានប្រសិទ្ធភាពបំផុតសម្រាប់លុបបំបាត់នូវវិបត្តិអាចារ្យក្នុងសង្គមខ្មែរ ហើយឈានឆ្ពោះទៅរកការឯកភាពគ្នាទាំងពិធីកម្មនៅក្នុងសាសនពិធី និង ពិធីមង្គលផ្សេងៗ។
បើតាមប្រសាសន៍របស់សម្ដេចធិបតី, ពិធីបុណ្យបែបព្រះពុទ្ធសាសនាក្តី ពិធីមង្គល និងពិធីកម្មបែបប្រពៃណី ទំនៀមទម្លាប់បុរាណក្តី ខ្មែរមានទម្រង់បែបបទជាច្រើន ព្រមទាំងមានបង្កប់ទៅដោយ គោលគំនិត គតិបណ្ឌិត និងទស្សនវិជ្ជាអប់រំ សម្រាប់ការរស់នៅរបស់មនុស្សគ្រប់រូបប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន ហើយគុណតម្លៃដែលកើតចេញពីប្រភពខាងលើនេះ គឺជាធាតុសកម្មមួយ ធ្វើឲ្យសង្គមមាននូវសាមគ្គីធម៌ សង្គហធម៌ សុខដុមរមនា សុខុមាលភាព និង ភាពរីកចម្រើនរុងរឿង ព្រមទាំងអាច រក្សាបាននូវអត្តសញ្ញាណជាតិជាខ្មែរទៀតផង៕

អត្ថបទដែលជាប់ទាក់ទង