ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សភឿថៃ សម្រេចជ្រើសរើស កូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន ជាបេក្ខជននាយករដ្ឋមន្រ្តីថ្មី

93

បាងកក៖នៅថ្ងៃព្រហស្បតិ៍នេះ គណបក្សភឿថៃ (Pheu Thai) ដែលជាបក្សដឹកនាំរដ្ឋាភិបាលចម្រុះនៅប្រទេសថៃ បានប្រកាសថា ខ្លួនសម្រេចជ្រើសរើសអ្នកស្រី ផែថោងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) ជាបេក្ខជននាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីលោក សេដ្ឋា ថាវីស៉ីន (Srettha Thavisin) ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងជានាយករដ្ឋមន្រ្តី។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤។
អ្នកស្រី ផែថោងថាន វ័យ៣៧ឆ្នាំ បច្ចុប្បន្នគឺជាមេដឹកនាំគណបក្ស Pheu Thai ផ្ទាល់ ហើយត្រូវជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ និងត្រូវជាក្មួយរបស់ អតីតនាយករដ្ឋមន្រ្តីថៃម្នាក់ទៀត គឺលោកស្រី យីងឡាក់ ស៉ីណាវ៉ាត់។ នៅថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋសភាថៃនឹងបើកសម័យប្រជុំពិសេសមួយ ដើម្បីបោះឆ្នោតអនុម័តនាយករដ្ឋមន្រ្តីថ្មី។ បណ្តាដៃគូ នៅក្នុងក្រុមចម្រុះ រួមមានគណបក្ស Bhumjaithai និង Palang Pracharath ជាដើម បាននាំគ្នាអះអាងថា ពួកគេនឹងផ្តល់ការគាំទ្រដល់បេក្ខជននាយករដ្ឋមន្រ្តីរបស់ Pheu Thai ក្នុងការបោះឆ្នោតនាថ្ងៃស្អែក។ បើតាមនីតិវិធីរបស់រដ្ឋសភាថៃ អ្នកដែលត្រូវបានជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រី ត្រូវប្រមូលឱ្យបានសំឡេងគាំទ្រលើសពាក់កណ្ដាល នៃចំនួនសមាជិក រដ្ឋសភាសរុបទាំង៤៩៣រូប ខណៈក្រុមចម្រុះទាំង១១គណបក្សដឹកនាំដោយ Pheu Thai មានសំឡេងនៅក្នុងដៃ ៣១៤អាសនៈ ក្នុងនោះមាន១៤១អាសនៈជារបស់ Pheu Thai។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ តុលាការធម្មនុញ្ញនៃប្រទេសថៃ បានចេញសាលក្រមដកហូតតំណែង នាយករដ្ឋមន្រ្តីរបស់ លោក Srettha ក្រោយសម្រេចថា លោកពិតជាបានបំពាន រដ្ឋធម្មនុញ្ញ តាមរយៈការតែងតាំងមេធាវីមួយរូប មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ ឱ្យកាន់តំណែងជារដ្ឋមន្រ្តី ក្នុងគណៈរដ្ឋមន្រ្តីរបស់លោក។ លោក Srettha បានគោរពទទួលស្គាល់សាលក្រមនោះ ក៏ប៉ុន្តែ បានអះអាងថា រយៈពេលជិតមួយឆ្នាំមកនេះ ក្នុងនាមជានាយករដ្ឋមន្រ្តី រូបលោកបានព្យាយាមដឹកនាំប្រទេស ដោយបំណងសុចរិត និងភាពស្មោះត្រង់៕

អត្ថបទដែលជាប់ទាក់ទង