នាថ្ងៃទី១៨សីហា ស្ថានភាពទូទៅនៅរាជធានីភ្នំពេញ មិនមានការប្រែប្រួលទេប្រជាពលរដ្ឋទៅប្រកបមុខរបររស៊ីជាធម្មតា
ភ្នំពេញ៖ សម្រាប់ថ្ងៃទី១៨សីហា ដែលជាថ្ងៃដែលក្រុមអគតិនិងពួកជ្រុលនិយមគ្រោងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ ឃើញថា ស្ថានភាពទូទៅនៅរាជធានីភ្នំពេញ មិនមានអ្វីខុសប្លែកពីសព្វមួយដងនោះទេ ពោលគឺប្រជាពលរដ្ឋចេញរកស៊ីទទួលទានជាធម្មតា។ ដោយឡែកពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយចិនវិញ បានរួតរៈក្រោកពីព្រឹកទិញរបស់របរដើម្បីធ្វើពិធីសែនក្បាលទឺក
តាមប្រពៃណី ចិនរៀងៗខ្លួន ដោយមិនមានការជួបជុំ ឬបង្កចលាចលណាមួយ ធ្វើអោយអសន្តិសុខក្នុងសង្គមឡើយ ។
ស្ថានភាពអំណោយផល រួមជាមួយសន្តិសុខសុវត្ថិភាពល្អប្រសើរនេះ គឺពិតបានកើតឡើង ដោយសារអាជ្ញាធររាជធានីភ្នំពេញនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បាននិងកំពុងខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ទប់ស្កាត់ក្រុមជន អគតិមួយចំនួន ដែលមានបំណងធ្វើបាតុកម្ម ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានគូសបញ្ជាក់នាព្រឹកថ្ងៃទី១៨សីហានេះថា៖ស្ថានភាពទូទៅនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញថ្ងៃទី១៨សីហា ឆ្នាំ២០២៤នេះ មានសភាពជាធម្មតាគ្មានការរំជើបរំជួល ដូចពួកជ្រុលនិយមដែលមានបំណងធ្វើបាតុកម្ម ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឃន៏កម្ពុជា.ឡាវ.វៀតណាម (CLV.DTA)នោះទេ។
អ្នកនាំពាក្យរូបនោះបន្តថា៖សកម្មភាពប្រកបអាជីវកម្ម , ការធ្វើសកម្មភាពជាប្រក្រតីក្នុងការរកស៊ីលក់ដូរមិនមានការប្រែប្រួលឬស្ថានភាព មិនប្រក្រតីណាមួយកើតឡើងនោះទេ ។ដោយនៅតាមដងផ្លូវនិងដងវិថីនានាក្នុងទីក្រុងមានសភាពស្ងប់ស្ងាត់។
ក្នុងនោះដែរភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិនៅតែដើរទស្សនាកំសាន្តតាមរមណីដ្ឋាននានា ក្នុងរាជធានីភ្នំពេញដូចជា៖រមណីដ្ឋានវត្តភ្នំ,ព្រះបរមរាជវាំង,វិមានឯក រាជ្យ,សារមន្ទីរជាតិជាដើមពុំមានអ្វីប្រែប្រួល និងពុំមានការចាប់អារម្មណ៏រឿងបាតុកម្មរបស់ក្រុមជ្រុលនិយមនោះឡើយ។
សូមរំលឹកថា នៅមុនថ្ងៃទី១៨ ខែសីហានេះ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីរៀបចំផែនការនានា ជាមួយកម្លាំងចម្រុះទាំងអស់ របស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសជាង១៧លាននាក់ អោយបានល្អ៕