ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Thaksin ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ក្រោយកូនស្រីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី

54

ក្រុងបាងកក៖អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានទទួលការលើកលែងទោសពីព្រះមហាក្សត្រថៃ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូនស្រីពៅរបស់លោក គឺអ្នកស្រី Paetongtarn Shinawatra ត្រូវបានរដ្ឋសភាបោះឆ្នោតតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃកាលពីថ្ងៃសុក្រ។ នេះបើតាមការបញ្ជាក់ពីមេធាវីផ្ទាល់របស់លោក Thaksin ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Winyat Chartmontri ជាមេធាវីផ្ទាល់របស់លោក Thaksin បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ ទី១៧ ខែសីហាថាលោកអតីតនាយករដ្ឋមន្ត្រី បានស្ថិតក្នុងចំណោមអ្នកទោស ៧៥០០នាក់ដែលទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោស នាឱកាសនៃពិធីចម្រើនព្រះជន្មចូល ៧២ព្រះវស្សារបស់ព្រះមហាក្សត្រថៃ King Maha Vajiralongkorn កាលពីខែមុន។ លោក Winyat បន្ថែមថាការលើកលែងទោសនេះនឹងត្រូវចូលជាធរមាននៅថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ ដែលនឹងធ្វើឱ្យលោក ក្លាយជាមនុស្សមានសេរីភាព និងលែងមានឈ្មោះជាប់ជាពិរុទ្ធជន។
គួរបញ្ជាក់ថា លោក Thaksin ទទួលបានការអនុញ្ញាតពីតុលាការក្នុងការអនុវត្តទោសនៅសេសសល់ក្រៅពន្ធនាគារ កាលពីខែកុម្ភៈកន្លងទៅ។ ការអនុញ្ញាតនេះដែរដំបូងឡើយ គ្រោងនឹងបញ្ចប់នៅចុងខែសីហានេះ ប៉ុន្តែត្រូវបន្ថយមកនៅត្រឹមថ្ងៃអាទិត្យចុងសប្ដាហ៍នេះវិញ ផ្អែកលើការលើកលែងទោសពីព្រះមហាក្សត្រ។ លោក Thaksin បានវិលត្រឡប់ ចូលប្រទេសថៃ កាលពីខែសីហាកន្លងទៅ ក្រោយរស់នៅនិរទេសនៅឯបរទេសជាច្រើនឆ្នាំ ដើម្បីគេចពីការកាត់ទោសដាក់ពន្ធនាគារ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់រូបលោកចេញពី អំណាចកាលពីឆ្នាំ២០០៦។
ក្រោយត្រឡប់ចូលស្រុកវិញ លោក Thaksin ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភអំណាច និងជម្លោះផលប្រយោជន៍ដែលគេចោទប្រកាន់ថាបានប្រព្រឹត្ត អំឡុង កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ លោក Thaksin បានអង្គុយនៅក្នុងពន្ធនាគារតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងបាងកក ជាទីដែលលោកត្រូវអនុវត្តទោសជាប់ឃុំបាន៦ខែ ដោយសារតែបញ្ហាសុខភាព។ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីខែកុម្ភៈកន្លងទៅ ហើយទោស របស់លោកក៏ត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយមកនៅត្រឹមមួយឆ្នាំវិញ កាលពីខែកញ្ញាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង