ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ប៉ែន បូណា ៖រាជរដ្ឋាភិបាល មានភាពរឹងមាំអាចទប់ទល់បានគ្រប់ឧបាយកលដែលចង់បំផ្លាញកម្ពុជាមិនថាឧបាយកលនោះមកពីខាងក្រៅឬនៅខាងក្នុងប្រទេសឡើយ,ជាក់ស្តែងការប៉ុនប៉ងផ្តួលរំលំដោយមធ្យោបាយមិនប្រជាធិបតេយ្យ

80

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តរៀបចំវេទិកាសារព័ត៌មានលើកទី៤ ស្ដីពី «គោលនយោបាយជាតិ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រយៈពេល១ឆ្នាំ» ។
វេទិកាសារព័ត៌មាននេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្ដមតាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សូមជម្រាបថា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គឺជាខួបគម្រប់មួយឆ្នាំគត់ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតីជា នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺជារាជរដ្ឋាភិបាលដែលធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបម្រើប្រជាពលរដ្ឋពិតៗ។
ការដាក់ចេញគោលនយោបាយ ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ, មានចក្ខុវិស័យវែងឆ្ងាយនិង ច្បាស់លាស់ ប្រកបដោយមហិច្ឆតាខ្ពស់ដើម្បីបម្រើប្រទេសជាតិនិងប្រជាជន។ មានសក្តានុពល ថាមពល និងមធ្យោបាយគ្រប់គ្រាន់ និងមានឆន្ទៈ ខ្ពស់ដើម្បីសម្រេចគោលដៅ។
រាជរដ្ឋាភិបាល មានភាពរឹងមាំដែល អាចទប់ទល់បានគ្រប់ឧបាយកលដែលចង់បំផ្លាញ កម្ពុជាមិនថាឧបាយកលនោះមកពីខាងក្រៅឬនៅខាងក្នុងប្រទេសឡើយ។ ជាក់ស្តែង ចុងក្រោយនេះមានការប៉ុនប៉ងផ្តួលរំលំដោយមធ្យោបាយមិនប្រជាធិបតេយ្យ តែឧបាយកលនេះត្រូវបានទប់ស្កាត់ទាំងស្រុង។ បើគ្មានភាពរឹងមាំបែបនេះទេ កម្ពុជាវិលទៅ រកប្រវត្តិសាស្ត្រអតីតកាលតាំងពីយូរ។
ប៉ុន្តែ រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជាគឺជាអ្នកឈរ ការពារធានាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេ្យភាពជាតិ បូរណភាពទឹកដី ភាពសុខសាន្តរបស់ប្រជាជន និងធានាការអភិវឌ្ឍន៍ប្រទេសប្រកបដោយនិរន្តរភាពដោយមិនអនុញ្ញាតឱ្យមានជនណា ក្រុមណាមកបំផ្លាញបានឡើយ។ នេះគឺជាចំណុចខ្លាំងគ្មានគូប្រៀប របស់រាជរដ្ឋាភិបាល ដែលជាទីកក់ក្តៅពិតៗរបស់ប្រជាពលរដ្ឋខ្មែរ។
នៅក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥, គោលដៅយុទ្ធសាស្ត្រចំនួន៥ និងអាទិភាពគន្លឹះចំនួន៥ ផងដែរ។ ចំពោះបាវចនា ៥ រួមមាន៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព។ ចំណែកឯគោលដៅយុទ្ធសាស្ត្រ ៥ រួមមាន៖ ធានាឱ្យបានកំណើនសេដ្ឋកិច្ច, បង្កើតការងារឱ្យបានកាន់តែច្រើន, សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ រីឯគោលនយោបាយអាទិភាពគន្លឹះ ចំនួន ៥ គឺ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។
ជាងនេះទៀត រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, កម្មវិធីទី(២) ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, កម្មវិធីទី(៣) ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន, កម្មវិធីទី(៤) ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី (៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ៕

អត្ថបទដែលជាប់ទាក់ទង