ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ្វីលីពីនថា ៖នាវា២គ្រឿងរបស់ខ្លួនរងការខូចខាតក្នុងហេតុការណ៍បុកគ្នាជាមួយនាវារបស់ឆ្មាំសមុទ្រចិន

55

ម៉ានីល៖០រដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃចន្ទ ទី១៩ ខែសីហានេះ បាននិយាយថានាវា២គ្រឿង នៅក្នុងចំណោមនាវារបស់ឆ្មាំសមុទ្ររបស់ខ្លួនបានរងការខូចខាត នៅក្នុង ហេតុការណ៍បុកទង្គិចគ្នាជាមួយនាវារបស់ឆ្មាំសមុទ្រចិន ដែលទីក្រុងម៉ានីលអះអាងថាបានធ្វើសកម្មភាពខុសច្បាប់ និងបង្ករឿងនៅក្បែរតំបន់ថ្មប៉ប្រះទឹកមានវិវាទ នៅឯ សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមកងកម្លាំងហ្វីលីពីនទទួលបន្ទុកលើកិច្ចការសមុទ្រហ្វីលីពីនខាងលិច (សមុទ្រចិនខាងត្បូង) ហេតុការណ៍នាវាបុកគ្នាលើកទី១ បានកើតឡើងនៅចម្ងាយប្រហែល ៤៣គីឡូម៉ែត្រ ពីភាគអាគ្នេយ៍តំបន់ថ្មប៉ប្រះទឹក Sabina Shoal និងលើកទី២ កើតឡើងនៅចម្ងាយ ៣៩គីឡូម៉ែត្រពីភាគពាយព្យតំបន់ថ្មប៉ប្រះទឹកមួយនេះ។
កងកម្លាំងហ្វីលីពីននេះដដែល បានគូសបញ្ជាក់ដូច្នេះថា «សកម្មភាពរបស់នាវាឆ្មាំសមុទ្រចិន នៅក្បែរតំបន់ថ្មប៉ប្រះទឹក Sabina Shoal កាលពីព្រឹកលឹមនេះបានបង្កឱ្យមាន ការបុកទង្គិចគ្នាដែលធ្វើឱ្យនាវា ២គ្រឿងរបស់ហ្វីលីពីនរងការខូចខាត»។
គួរបញ្ជាក់ថា ឆ្មាំសមុទ្រចិន នៅថ្ងៃចន្ទនេះដែរ បាននិយាយថានាវាមួយគ្រឿងរបស់ហ្វីលីពីន ដែលមិនបានអើពើនឹងការព្រមានម្ដងហើយម្ដងទៀតរបស់ខ្លួន បានបើកបំបុក នាវាមួយគ្រឿងរបស់ ចិន ដោយចេតនា ដែលនេះជាអាកប្បកិរិយាគ្មានវិជ្ជាជីវៈ និងប្រកបដោយគ្រោះថ្នាក់ នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ តាមឆ្មាំសមុទ្រចិន ការប៉ះទង្គិចគ្នាបានកើតឡើងនៅម៉ោងប្រហែល ៣៖២៤នាទីព្រឹកព្រលឹម នៅថ្ងៃចន្ទ ទី១៩ ខែសីហានេះ។
ចិន និងហ្វីលីពីន បានឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយកាលពីខែកក្កដាកន្លងទៅ ក្រោយការប៉ះទង្គិចគ្នាជាហូរហែរក្នុងដែនទឹក ក្បែរតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាមួយការអនុញ្ញាតឱ្យហ្វីលីពីនអាចដឹកជញ្ជូនការផ្គត់ផ្គង់ចាំបាច់ ទៅឱ្យទាហានហ្វីលីពីនមួយក្រុមតូចដែលកំពុងឈរជើងនៅលើខ្មោចនាវាចម្បាំងមួយ គ្រឿង នៅក្នុងតំបន់ថ្មប៉ប្រះទឹកនេះ។ ការប៉ះទង្គិចគ្នាជាថ្មីនេះបានបង្កឱ្យមានការសង្ស័យថាតើចិន និងហ្វីលីពីន នៅតែអាចអនុវត្តតាមកិច្ចព្រមព្រៀងបណ្ដោះអាសន្ន បាន យូរប៉ុនណានោះទេ៕

អត្ថបទដែលជាប់ទាក់ទង