ព្រះអង្គធម្មវនវាសី ចន្ទ មុនី នឹងនិមន្តទៅកាន់ខេត្តទាំង៤ គឺរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ចាប់ពីថ្ងៃទី២០ សីហា ឆ្នាំ២០២៤
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ឲ្យដឹងថា ព្រះអង្គធម្មវនវាសី ចន្ទ មុនី នឹងនិមន្តទៅកាន់ខេត្តទាំង៤ គឺរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ចាប់ពីថ្ងៃទី២០ សីហា ឆ្នាំ២០២៤ ដូច្នេះ សូមប្រជាពុទ្ធបរិស័ទ ជ្រាបជាដំណឹង និងត្រៀមទទួលព្រះ
អង្គ ។
ការនិមន្តរបស់ព្រះអង្គចន្ទ មុនី បន្ទាប់ពីព្រះមានសង្ឃដីកាមានអ្នកបងប្អូនមួយចំនួនបានយល់ច្រឡំលើរាជរដ្ឋាភិបាល រហូតដល់ញុះញង់ឲ្យមានបាតុកម្មប្រឆាំង និងរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងរឿងតំបន់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា វៀតណាម និងឡាវ ។
យោងតាមសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានស្នើឲ្យអភិបាលខេត្តទាំង៤ ត្រៀមលក្ខខណៈទទួលរៀបចំក្នុងការទទួល ដើម្បីឲ្យព្រះអង្គទស្សនកិច្ចនៅតាមបណ្តោយព្រំដែនផងដែរ ។
សម្តេចតេជោបានបញ្ជាក់ថា «ខ្ញុំស្នើឲ្យអភិបាលខេត្តក្រចេះ អភិបាលខេត្តស្ទឹងត្រែង អភិបាលខេត្តមណ្ឌលគិរី និងអភិបាលខេត្តរតនគិរី ស្អែកនេះ នឹងមានការនិមន្តរបស់ព្រះអង្គចន្ទ មុនី ទៅកាន់ខេត្តឦសាន្តរបស់យើងដោយមានការរៀបចំរបស់អភិបាលខេត្តកំពង់ឆ្នាំង ។ ខ្ញុំសូមឲ្យឯកឧត្តមទាំង៤ខេត្តរៀបចំក្នុងការទទួល ដើម្បីព្រះអង្គចន្ទ មុនី អាចទស្សនកិច្ចតាមបណ្តោយព្រំដែនវៀតណាមតាំងពីខេត្តក្រចេះ មណ្ឌលគិរី រតនគិរី រហូតដល់ខេត្តស្ទឹងត្រែងជាប់ជាមួយនឹងប្រទេសឡាវ»។
សម្តេចតេជោបានលើកឡើងថា ការនិមន្តរបស់ព្រះអង្គចន្ទ មុនី គឺទៅមិនលាក់លៀមទេ គឺទៅជាចំហដែលអនុញ្ញាតឲ្យមានការជួបជុំប្រជាពលរដ្ឋដែលមានការជឿរចំពោះព្រះអង្គអាចចូលរួមបាន។សម្តេចតេជោបានសង្កត់ធ្ងន់ថា « យើងត្រូវធ្វើកិច្ចការងារនេះ ហើយថែទាំព្រះអង្គ ឲ្យបានល្អ ដោយសារតែនេះគឺជាខែចូលព្រះវស្សា ដូច្នេះ ត្រូវប្រុងព្រៀបចង្ហាន់ដើម្បីព្រះអង្គសឹងនៅក្នុងវត្តនីមួយៗ ហើយក្នុងវត្តនីមួយៗប៉ុន្មានថ្ងៃនៅក្នុងខេត្តនោះ។ ក្រៅពីប្រជាជននៅក្នុងខេត្តនោះ ក៏អាចមានប្រជាជនទៅពីបណ្តាខេត្តផ្សេងៗ ដែលជឿលើព្រះអង្គទៅដែរ ។
ហេតុដូច្នេះ ត្រូវរៀបចំឲ្យបានល្អ ដើម្បីធានាសុវត្ថិភាព និងសុខភាពរបស់ព្រះអង្គផង ព្រមទាំងការពារ ប្រជាពលរដ្ឋដែលមានជំនឿ ទៅរកព្រះអង្គផងដែរ» ។
សម្តេចប្រធានព្រឹទ្ធសភាបានបន្ថែមថា ម្ខាងត្រូវធានាសន្តិសុខ និងម្ខាងទៀតធានាចំពោះសុខភាពរបស់ព្រះអង្គ និងម្ខាងទៀតថា ការពារសុវត្ថិភាពសម្រាប់ប្រជាជនទូទាំងដែលមានជំនឿលើព្រះអង្គ។ ដូច្នេះសូមរៀបចំការងារជាមួយអភិបាលខេត្តកំពង់ឆ្នាំង ។
ជាមួយគ្នានោះដែរ សម្តេចតេជោបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ព្រះអង្គ ចន្ទ មុនី គឺអភិបាលខេត្តកំពង់ឆ្នាំជាអ្នករៀបចំ ដូច្នេះ ភិបាលទាំង៤ មានក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង ជាម្ចាស់ផ្ទះដូច្នេះទៅខេត្តណាមុន ខេត្តណាក្រោយសូមរៀបចំជាមួយគ្នា៕