ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការនៃការបាញ់ថ្នាំមូស សម្រេចបាន៣៧សង្កាត់លើ១០៥សង្កាត់ ចំនួន៧ខណ្ឌលើ១៤ខណ្ឌហើយ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

42

ភ្នំពេញ៖ដោយមានការយកចិត្តទុកដាក់គិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងពលតូច (ង៧០) គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការនៃការបាញ់ថ្នាំមូស សម្រេចបាន៣៧សង្កាត់លើ១០៥សង្កាត់ ក្នុង៧ខណ្ឌលើ១៤ខណ្ឌហើយ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃ២០សីហានេះថា៖លទ្ធផលនៃយុទ្ធនាការបាញ់ថ្នាំមូស ក្នុងមូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ សម្រេចបាន៣៧សង្កាត់លើ១០៥សង្កាត់ ក្នុង៧ខណ្ឌ១៤ខណ្ឌហើយដែលបើកយុទ្ធនាការចាប់ពីថ្ងៃសៅរ៍ទី១៧សីហា រហូតមកដល់ថ្ងៃទី១៩ ខែសីហា ។
លោកប្រធានបន្តថា៖ដោយឡែកនៅថ្ងៃទី១៩សីហានេះ ក្រុមការងាររបស់យើងបានបាញ់ថ្នាំមូសបានចំនួន១២សង្កាត់បន្ថែមទៀត ដែលមាននៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌសែន សុខ ខណ្ឌទួលគោក ខណ្ឌបឹងករងកង និងខណ្ឌពោធិ៍សែនជ័យ ក្នុងនោះរួមមាន៖ សង្កាត់បឹងទំពុនទី១,សង្កាត់បឹងទំពុនទី២,សង្កាត់កាកាបទី១,សង្កាត់គោកឃ្លាង,សង្កាត់ទឹកល្អក់ទី២,សង្កាត់គីឡូម៉ែត្រលេខ៦,សង្កាត់ទឹកល្អក់ទី៣,សង្កាត់បឹងកេងកងទី៣,សង្កាត់អូឡាំពិច,សង្កាត់ផ្សារកណ្តាលទី២,សង្កាត់ជ័យជំនះ,សង្កាត់ផ្សារថ្មីទី១។
គួររំលឹកថា៖ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧សីហា ពោលគឺចំថ្ងៃបើកយុទ្ធនាការបាញ់ថ្នាំមូសក្នុងរាជធានីភ្នំពេញ ឯកឧត្ដមបានណែនាំរួចហើយ ដោយអោយកងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាញ់ថ្នាំសម្លាប់មូសនេះ អោយបានគ្រប់ទីកន្លែងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញពិសេសនៅតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋ។
ឯកឧត្ដមអភិបាលបន្តថា៖ការងារបាញ់ថ្នាំសម្លាប់មូសនេះមើលទៅតូចទេ តែវាបានផ្តល់ផលប្រយោជន៍ច្រើនសំរាប់ប្រជាពលរដ្ឋ ពោលគឺបាញ់ថ្នាំសម្លាប់មូស អាចបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាម បើយើងមិនបានបង្ការទប់ស្កាត់ទេ វានឹងធ្វើអោយក្មេងមានជម្ងឺគ្រុនឈាម កាលណាកើតមានជម្ងឺគ្រុនឈាមលើកូនរបស់ខ្លួនហើយ យើងត្រូវខាតបង់ពេលវេលាក្នុងការមើលថែកូនផង និងត្រូវខាតបង់លុយកាក់ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង