ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិកគ្មានសិទ្ធិអ្វីមកជ្រៀតជ្រែក រឿងជម្លោះនៅសមុទ្រចិនខាងត្បូងឡើយ

35

ប៉េកាំង៖ចិនបានព្រមានសហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៉ីនតោនមិនមានសិទ្ធិអ្វីទាំងអស់ មកជ្រៀតជ្រែកក្នុង បញ្ហាវិវាទដែនសមុទ្ររវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បន្ទាប់ពីនាវាចិននិងហ្វីលីពីន បានប៉ះទង្គិចគ្នាជាថ្មី នៅក្បែរតំបន់ជម្លោះ នៃសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤។
រយៈពេលប្រមាណជា១ឆ្នាំកន្លងមកនេះ ចិននិងហ្វីលីពីនបានជួបហេតុការណ៍ប្រឈមមុខគ្នាជាច្រើនលើក នៅលើដែនសមុទ្រ។ កាលពីថ្ងចន្ទសប្តាហ៍នេះ ប្រទេសទាំងពីរបានអះអាងថា នាវាឆ្មាំសមុទ្ររបស់ពួកគេ បានបុកគ្នានៅក្បែរតំបន់ Sabina Shoal ដែលមានបញ្ហាវិវាទ ហើយបានទម្លាក់កំហុសដាក់គ្នា ទៅវិញទៅមក។
សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់ហ្វីលីពីន បានចេញមុខថ្កោលទោសចិន ដោយចោទថា ទីក្រុងប៉េកាំងធ្វើសកម្មភាពគ្រោះថ្នាក់ ប្រឆាំងការធ្វើប្រតិបត្តិការដែនសមុទ្រ ដោយស្របច្បាប់របស់ហ្វីលីពីន។ នៅពេលត្រូវបានសាកសួរ ពាក់ព័ន្ធការអត្ថាធិប្បាយរបស់ ទីក្រុងវ៉ាស៉ីនតោន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ចិនបានប្រើចំណាត់ការស្របច្បាប់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រ របស់ខ្លួន។
លោកស្រីអ្នកនាំពាក្យ បានសង្កត់ធ្ងន់ដូច្នេះថា «សហរដ្ឋអាមេរិក មិនមែនជាភាគីពាក់ព័ន្ធ ក្នុងបញ្ហាសមុទ្រចិនខាងត្បូងឡើយ និង គ្មានសិទ្ធិអ្វីមកលូកលាន់ ក្នុងជម្លោះដែនសមុទ្ររវាងចិន និងហ្វីលីពីនទេ។ ដូច្នេះហើយ អាមេរិកគួរតែឈប់បង្កការប្រឈមមុខនៅ សមុទ្រចិនខាងត្បូង, ឈប់រំខានស្ថិរភាពក្នុងតំបន់ និងឈប់បង្កើនភាពតានតឹង តទៅទៀត»៕

អត្ថបទដែលជាប់ទាក់ទង