តំណាង UN ស្វាគមន៍ចំពោះរាល់សំណើសុំការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា លើឆាកអន្ដរជាតិ
ភ្នំពេញ៖លោក យូស៊ិប សូយ័រ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះរាល់សំណើសុំការគាំទ្ររបស់ រាជរដ្ឋាភិបាលកម្ពុជាលើឆាកអន្ដរជាតិ។
ការលើកឡើងនេះ ស្របពេលដែល ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលជួបពិភាក្សាការងារជាមួយ លោក យូស៊ិប សូយ័រ អ្នកសម្របសម្រួលរបស់ UN ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
លោក យូស៊ិប សូយ័រ បានថ្លែងអំណរគុណដល់ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង UN និងរាជរដ្ឋាភិបាលកម្ពុជា និងបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរាល់សំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ តំណាង UN បានជូនពរ ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ទទួលបានជោគជ័យក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត និងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ខាងមុខនេះ។
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានគូសបញ្ជាក់ពីសារសំខាន់ នៃកិច្ចប្រជុំកំពូលស្ដីពីអនាគត និងការត្រៀមលក្ខណៈចូលរួមរបស់កម្ពុជាក្នុងការចូលរួមកិច្ចប្រជុំនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក ដែលនៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឧបនាយករដ្ឋមន្រ្តី និងតំណាង UN បានពិភាក្សាអំពីដំណើរការ និងឯកសារលទ្ធផល នៃកិច្ចប្រជុំកំពូលខាងលើ ព្រមទាំងផ្លាស់ប្ដូរយោបល់ជុំវិញបញ្ហាចំបងមួយចំនួន រួមមាន ការបន្តកិច្ចសហប្រតិបត្តិការជាមួយ UN តួនាទី និងការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងពហុភាគី សំដៅពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០៕