ឧបនាយករដ្ឋមន្រ្តី ស សុខា បដិសេធការផ្សព្វផ្សាយគ្មានមូលដ្ឋានថា មានការឡោមព័ទ្ធផ្ទះ និងឃុំខ្លួនសម្តេចក្រឡាហោម ស ខេង និងលោកនៅគេហដ្ឋាន
បាត់ដំបង៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបដិសេធការផ្សព្វផ្សាយដោយគ្មានមូលដ្ឋានថា មានការឡោមព័ទ្ធផ្ទះ និងឃុំខ្លួនសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកនៅគេហដ្ឋាន។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងបែបនេះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិត និងសម្ពោធសមិទ្ធផលនានា នៃសាកលវិទ្យាល័យជាតិបាត់ដំបង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «មាន Page Samdach Seng Ratana 007 ថា ព្រឹកមិញមានការឡោមព័ទ្ធ បញ្ជាពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល បញ្ជាទាហានមកព័ទ្ធផ្ទះខ្ញុំ និងសម្តេចក្រឡាហោម ៣ម៉ោងមុន។ អីចឹង បើព័ទ្ធមែន ខ្ញុំអត់បានចេញមកទេ និងគ្មានឱកាសឈរនៅទីនេះដែរ»។
បើតាមឯកឧត្ដមឧបនាយករដ្ឋមន្ត្រី, ចំពោះទង្វើស្មោគគ្រោក ក្នុងការបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារឲ្យឈ្លោះគ្នា នៅតែដដែលៗទេ ហេតុនេះហើយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រុមប្រឆាំងបញ្ឈប់សកម្មភាពនេះ ហើយមករួមគ្នាកសាងជាតិវិញ៕