ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សុខសន្តិភាពមានសារៈសំខាន់ណាស់សម្រាប់ជាតិខ្មែរ ហើយថ្ងៃនេះជាខួបមួយឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលថ្មី

28

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ថ្ងៃនេះគឺជាខួបមួយឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលថ្មី ហើយក្នុងមួយឆ្នាំនេះរាជរដ្ឋាភិបាល អាចថែរក្សាការពារបាន យ៉ាងមុតមាំនូវសុខសន្តិភាព និងស្ថេរភាពសង្គម និងសេចក្តីសុខជូនប្រជាពលរដ្ឋ កត្តាសុខសន្តិភាពនេះមានសារៈសំខាន់ណាស់សម្រាប់ជាតិខ្មែរ យើងត្រូវរួមគ្នាថែរក្សាឱ្យបានយូរអង្វែង។
ថ្លែងនាឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេច បានថ្លែងបញ្ជាក់ឱ្យប្រជាពលរដ្ឋ អង្គុយស្រម៉ៃមើលថា តើរូបបដិមាទាំងនេះហេតុអីបានជាចេញពីស្រុកខ្មែរបាន? សម្តេចបញ្ជាក់ថា គឺដោយសារយើងបែកបាក់គ្នា ហើយបើសិនជាយើងមានសុខសន្តិភាព ចោរមិនអាច លួចទៅបានរូបធំៗដូចនេះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ដូចនេះទៀតថា «និម្មិតរូបនៃការជួបជុំគ្នានេះ ហើយអ្វីដែលខួបមួយឆ្នាំរបស់រាជរដ្ឋាភិបាលគឺយើងអាចរក្សាបាននូវស្ថេរភាព សន្តិភាព និងសេចក្តីសុខជូនប្រជាពលរដ្ឋ ដូចថ្ងៃនេះយើងអាចប្រារព្ធនូវពិធីនេះបានដោយសារទូទាំងប្រទេសមិនមានភ្លើងសង្គ្រាម មិនមានការបែកបាក់ សូម្បីតែកាបែកបាក់នៅតាមមូលដ្ឋាន បែកបាក់ចិត្តគំនិត, ដែលយើងបានរួម គ្នាទទួលនូវព្រលឹង បុព្វបុរសយើងដោយស្មារតីភាព ក្រោមម្លប់សន្តិភាព នេះគឺជាមោទនភាព»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សមិទ្ធផលថ្ងៃនេះបានឆ្លុះបញ្ជាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល និងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយបណ្តាប្រទេសនានា និងសហគមន៍អន្តរជាតិ នៅក្នុងយុទ្ធនាការជាសាកល ដើម្បីប្រយុទ្ធប្រឆាំងនិងអំពើចោរកម្ម ការចររាចរណ៍ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៍។
ទាក់ទងនិងសម្បត្តិវប្បធម៍ជាតិនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅក្នុងយុទ្ធនាការនេះបានបំពេញការងារ យ៉ាងយកចិត្តទុកដាក់បំផុតក្នុងការស្រាវជ្រាវ ការប្រមូលភស្តុតាង ការសម្របសម្រួល ការចរចរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា និងភាគីពាក់ព័ន្ធជាច្រើនក្នុងការទាមទារ ការបញ្ជូនត្រឡប់មកវិញ នូវរតនសម្បត្តិ ដែលបានបាត់បង់ ដើម្បីទុកជាកេរដំណែលវប្បធម៍ និងអត្តសញ្ញាណជាតិសម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយ បានសិក្សាស្វែងយល់ផងដែរ។
សូមបញ្ជាក់ដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រេចបានក្នុងរយៈពេលមួយឆ្នាំនេះ ក្រោយបង្កើតរាជរដ្ឋាភិបាលដឹកនាំ ដោយយុវជនបន្តវេន បានបង្ហាញនូវសមិទ្ធផលលេចធ្លោ ជាច្រើនចំណុចដូចជា៖
-សមិទ្ធផលលេចធ្លោទី១៖ ការថែរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ៖ ហេតុអ្វីបានជាសន្តិភាព និងស្ថិរភាពនយោបាយនៅតែជាសមិទ្ធផលធំដំបូងគេដែលត្រូវរំលេច? ពីព្រោះសន្តិភាព និងស្ថិរភាពនយោបាយនេះបើបាត់បង់ហើយ មិនអាចនិយាយអំពីសមិទ្ធផលអ្វីបានទាំងអស់។ តម្លៃលេចធ្លោនៃព្រឹត្តិការណ៍នេះនៅត្រង់ គឺជាការផ្ទេរអំណាចដោយសន្តិវិធី ដោយរក្សាបានទាំងស្រុងនូវសុខសន្តិភាព និងស្ថិរភាពនយោបាយ និងជាការផ្ទេរអំណាចពីជំនាន់រាមច្បងទៅឲ្យយុវជនជាលក្ខណៈទ្រង់ទ្រាយធំ ជាសំណុំតែម្តង ដែលព្រឹត្តិការណ៍បែបនេះ កម្រកើតមានណាស់នៅលើពិភពលោកនេះ។
-សមិទ្ធផលលេចធ្លោទី២៖ ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៖ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជាតិសាសន៍នីមួយៗ។ ដូច្នេះរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត បានលះបង់ខ្ពស់ណាស់ និងបង្កើតបានស្នាដៃធំធេងណាស់ ក្នុងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ជំហរដាច់ខាត ម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ថ្នាក់ដឹកនាំដែលមាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ យើងទាំងអស់គ្នា បានឮជាញឹកញាប់ចេញពីឥស្សរជនថ្នាក់ដឹកនាំទាំងពីរ គឺមិនយកអធិបតេយ្យភាពជាតិទៅដោះដូរជាមួយជំនួយបរទេស ឬភាពអនុគ្រោះណាមួយជាដាច់ខាត ហើយមិនអនុញ្ញាតឲ្យបាត់បង់ដីសូម្បីមួយមីល្លីម៉ែត្រឡើយ។
-សមិទ្ធផលលេចធ្លោទី៣៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ជាតិដ៏ធំបំផុតមួយដែលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសចូលរួមអបអរសាទរយ៉ាងកងរំពង គគ្រឹកគគ្រេង មិនធ្លាប់មាន។ ព្រែកជីកនេះ នឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យមួយ ដែលមិនត្រឹមតែកម្ពុជាខ្លួនឯងទេ ដែលត្រូវចារទុកក្នុងទំព័រក្រាំងមាសរបស់ខ្លួន សម្រាប់កូនខ្មែរតជំនាន់ទៅមុខទៀតប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូល ក៏ត្រូវកត់ត្រាទុកនូវសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាដែរ។
-សមិទ្ធផលលេចធ្លោទី៤៖ កម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ទី១៖ ការផ្តល់សេវាសុខាភិបាល ឈានទៅរកការគ្របដណ្តប់ជាសាកល, ទី២៖ ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈបច្ចេសទេស ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀលក្នុងមួយខែ, ទី៣៖ពង្រឹងកម្មវិធីជាតិជំនួយសង្គម, ទី៤៖ យុទ្ធសាស្ត្រជាតិអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ទី៥៖លើកស្ទួយផលិតកម្មកសិកម្ម, រកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផល ប្រកាសឱ្យអនុវត្តនៅថ្ងៃទី២០ វិច្ឆិកា ២០២៣។
-សមិទ្ធផលលេចធ្លោទី៥៖ វិធានការគន្លឹះទាំង៥ រួមមាន វិធានការគន្លឹះទី១៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, វិធានការគន្លឹះទី២៖ កំណែទម្រង់វិស័យអប់រំ, វិធានការគន្លឹះទី៣៖ កំណែទម្រង់វិស័យសុខាភិបាល, វិធានការគន្លឹះទី៤៖ លើកកម្ពស់គោលនយោបាយភូមិឃុំមានសុវត្ថិភាព, វិធានការគន្លឹះទី៥៖ កំណែទម្រង់យុត្តិធម៌។
-សមិទ្ធផលលេចធ្លោទី៦៖ សម្តេចធិបតីជានាយករដ្ឋមន្ត្រី ជារបស់ប្រជាពលរដ្ឋខ្មែរ សកម្មភាពដ៏សំខាន់មួយរបស់សម្តេច គឺការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងពិធីសម្ពោធសមិទ្ធផលនានា ពិធីសំណេះសំណាល សួរសុខទុក្ខ មានទាំងការចុះជួបដោយមានការរៀបចំជាផ្លូវការ និងការចុះជួបដោយស្ងាត់ៗ ដោយមិនបានប្រាប់ជាមុន។ បើសរុបរយៈពេលពេញមួយឆ្នាំនេះសម្តេចធិបតី បានចុះ ជួបប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅគ្រប់ទិសទីសរុបជាង១៥០ លើកពោលគឺស្ទើរតែ ៥០% នៃពេលវេលាមួយឆ្នាំ។ នេះមិនទាន់រាប់បញ្ចូលការជួប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ តាមរយៈបណ្តាញ សង្គមផងទេ។ ដូច្នេះតាមរយៈទិនន័យនេះ អាចសន្និដ្ឋានបានថា នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំដែលចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋច្រើនបំផុត ដែលកម្រមានមេដឹកនាំណាក្នុងពិភពលោកអាចធ្វើបាន៕

អត្ថបទដែលជាប់ទាក់ទង