ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះខួប១ឆ្នាំរាជរដ្ឋាភិបាលថ្មី, អ្នកដឹកនាំជំនាន់ថ្មី ប្រកបដោយភាពស្វាហាប់ និងការទទួលខុសត្រូវ, សម្តេចសូមបង្ហាញចំណុចគន្លឹះសំគាល់ចំនួន៤

40

ភ្នំពេញ៖ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ គឺខួបមួយឆ្នាំនៃរាជរដ្ឋាភិបាលអាណត្តិថ្មី ដឹកនាំឲ្យសម្តេចធិបតី ហ៊ុន ម៉ាណែត, នៅថ្ងៃនេះតាមរយៈបណ្តាញទំនាក់ទំនងសង្គម សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អ្នកដឹកនាំជំនាន់ថ្មី ប្រកបដោយភាពស្វាហាប់ និងការទទួលខុសត្រូវ ចំណែកទ្រឹស្តីក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ ហាក់លេងស្របជាមួយសភាពការបច្ចុប្បន្នហើយ ដែលអាចកែទៅជា ក្មេងមានកម្លាំងនិងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍។
ខាងក្រោមខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម៖
(ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ)។ ឯទ្រឹស្តី (ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ) ហាក់លេងស្របជាមួយ សភាពការបច្ចុប្បន្នហើយដែលអាចកែទៅជា (ក្មេងមានកម្លាំង និងស្គាល់ផ្លូវឯចាស់មានបទពិសោធន៍)។
ថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤នេះជាខួបមួយឆ្នាំនៃថ្ងៃជំនាន់ថ្មីចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និង U.70 សំដៅដល់អ្នកមាន អាយុជាង៨០ ជាង៧០ និងជិត៧០ឆ្នាំ។
ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវដែលខ្ញុំសូមលើកតែចំណុចគន្លឹះមកកត់សំគាល់គឺ៖
១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។
២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។
៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។
៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។
បទពិសោធន៍របស់ខ្ញុំ សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។
ខ្ញុំនិងថ្នាក់ដឹកនាំផ្សេងទៀតចាកចេញដោយបន្សល់ទុកឲ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជា ស្រីជញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូលដើម្បីបំរើឲ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឲ្យថយចុះ។
ខ្ញុំដាក់អំរែកចុះបន្ទាប់ពីបំពេញការងារខាងនីតិប្រតិបត្តិរយៈពេលជាង៤៤ឆ្នាំ ក្នុងនោះកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ មានពេលសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ៧២ឆ្នាំ។ កិច្ចការសព្វថ្ងៃនៅប្រមាណ 50% ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី។
ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ៕

អត្ថបទដែលជាប់ទាក់ទង