ការវិលត្រឡប់នៃបេតិកភណ្ឌនានាមក មាតុភូមិកំណើតវិញ ស្ដែងឱ្យឃើញពីអត្ថន័យដ៏សំខាន់២ គឺសន្តិភាព និងទំនុកចិត្តលើសមត្ថភាពស្ថាប័ន
ភ្នំពេញ៖នៅចំពោះមុនភាពជោគជ័យក្នុងការទាមទារ បញ្ជូន និងទទួលសម្បត្តិបេតិកភណ្ឌបុរាណខ្មែរមកកាន់កម្ពុជាវិញនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលេចនូវអត្ថន័យដ៏សំខាន់២ នៃការវិលត្រឡប់នូវបេតិកភណ្ឌនានាមកកាន់មាតុភូមិកំណើតវិញ នោះគឺមនុញ្ញផលដែលកើតចេញពីសុខសន្តិភាព និងទំនុកចិត្តលើសមត្ថភាពស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានគូសរំលេចពីអត្ថន័យដ៏សំខាន់២ នៃការវិលត្រឡប់នូវបេតិកភណ្ឌទាំងនេះមកមាតុភូមិកំណើតរបស់ខ្លួន នោះគឺសន្តិភាព និងទំនុកចិត្តលើសមត្ថភាពស្ថាប័ន។
ចំពោះអត្ថន័យសំខាន់ទី១ សន្តិភាព គឺពិតជាមានសារសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអាទិទេពក៏ត្រូវការនូវសន្តិភាពសម្រាប់ការជួបជុំវង្សត្រកូលឡើងវិញដែរ។ ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃសន្តិភាពនិងឯកភាពជាតិរបស់កម្ពុជា ជាពិសេសបន្ទាប់ពីជោគជ័យដ៏ត្រចះត្រចង់នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានក្លាយជាទីដ្ឋានដ៏កក់ក្តៅ មានសុវត្ថិភាពសម្រាប់ការវិលត្រឡប់នូវអាទិទេពដែលជានិមិត្តរូបនៃការបង្រួបបង្រួមដួងព្រលឹងខ្មែរ។
សម្ដេចបានបន្តថា ប្រសិនបើគ្មានសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាក៏ពុំមានឱកាសបានគិតគូរប្រមូលផ្ដុំធនធាន ដើម្បីប្រយុទ្ធនិងទាមទារនូវបេតិកភណ្ឌទាំងនេះត្រឡប់មកវិញឡើយ។
បើគ្មានសន្តិភាព មិត្តបរទេសរបស់កម្ពុជាក៏មិនសហការជួយជ្រោមជ្រែង ទំនុកបម្រុងឱ្យបេតិកភណ្ឌទាំងនេះត្រឡប់មកស្រុកកំណើតវិញដែរ ពីព្រោះបណ្ដាមិត្តអន្តរជាតិនានាក៏មានកាតព្វកិច្ចជួយការពារបេតិកភណ្ឌដូចៗគ្នា ហើយពួកគេពិតជាមិនអាចបញ្ចូនបេតិកភណ្ឌដែលមានតម្លៃមហាសាលទៅកាន់ប្រទេសដែលកំពុងមានសង្គ្រាម អសន្តិសុខ និងចលាចលនោះឡើយ។
សម្ដេចបានសង្កត់ធ្ងនថា សន្តិភាពងាយក្នុងការបាត់បង់ណាស់ ប៉ុន្តែពិបាកនៅក្នុងការរកមកវិញ ហើយប្រសិនបើរកបានក៏ត្រូវការពេលវេលានិងការលះបង់ច្រើនណាស់ដែរ ហេតុដូច្នេះហើយរាជរដ្ឋាភិបាលគឺបានប្ដេជ្ញាចិត្តថានឹងបន្តថែរក្សាឱ្យបាននូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។
ចំពោះអត្ថន័យសំខាន់ទី២ នោះគឺទំនុកចិត្តនិងការទទួលស្គាល់សមត្ថភាពស្ថាប័នរបស់កម្ពុជាក្នុងការប្រយុទ្ធ តតាំង ការពារ ក៏ដូចជាសមត្ថភាពថែរក្សាបេតិកភណ្ឌឱ្យបានគង់វង្ស សក្ដិសមជាប្រទេសកំណើតដើមនៃបេតិកភណ្ឌទាំងនោះ។ ទាល់តែគេជឿទុកចិត្តលើសមត្ថភាពស្ថាប័នរបស់កម្ពុជា ទើបមិត្តបរទេស ក៏ដូចជាសហគមន៍អន្តរជាតិខិតខំសហការជួយបំផុសបំផុលចលនាការពារបេតិកភណ្ឌជាមួយកម្ពុជា ព្រោះគេទុកចិត្តថាកម្ពុជាមានសមត្ថភាពគ្រប់គ្រង ថែរក្សា និងមានឆន្ទៈខ្ពស់បំផុតក្នុងការខិតខំផ្សព្វផ្សាយ និងលើកស្ទួយគុណតម្លៃនៃបេតិកភណ្ឌទាំងនោះទៅកាន់សហគមន៍អន្តរជាតិ ក្នុងនាមជាប្រជាជាតិម្ចាស់ដើម។
ក្នុងស្មារតីនេះ ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានធ្វើការដោយមិនខ្លាចនឿយហត់ ក្នុងនាមជាសេនាធិការនាំមុខក្នុងកិច្ចការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ខ្មែរ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតកម្ពុជានៅក្រៅប្រទេស ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធដទៃៗទៀត ដែលបានផ្ដល់កិច្ចសហការនិងគាំទ្រការងារដ៏លំបាកស្មុគស្មាញនេះ។ ជាមួយគ្នានោះ សម្ដេចក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសោមាគ្រុប និងធនាគារកាណាឌីយ៉ា ដែលបានគាំទ្រជាថវិកាជួយដល់បេសកកម្មដ៏មានសារសំខាន់នេះ។
សូមជម្រាបថា គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ មានវត្ថុសិល្បៈខ្មែរសរុបចំនួន១,០៩៨វត្ថុ (ក្នុងនោះ ៥៧១វត្ថុ ប្រគល់ដោយសប្បុរជន និង ៥២៧វត្ថុ ប្រគល់ដោយរដ្ឋាភិបាលឬស្ថាប័ននានា) បានប្រគល់ត្រឡប់មកកម្ពុជាវិញពីប្រទេសចំនួន១៥ ដូចជា៖ សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អង់គ្លេស ថៃ ជប៉ុន ឥណ្ឌូណេស៊ី នែតដឺឡង់ (ហូឡង់) ស្វីស កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី ន័រវេស និងសាធារណរដ្ឋប្រជាមានិតចិន។
ជាក់ស្ដែង ក្នុងពិធីទទួលស្វាគមន៍សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិនាថ្ងៃនេះ គឺមានប្រតិមាទេវៈ និងបុរាណវត្ថុសរុបចំនួន៧០ ដែលសុទ្ធសឹងតែជាវត្ថុបុរាណខ្មែរដ៏វិចិត្រ ក្នុងនោះ ១៤រូប ទទួលពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក និង ៥៦រូបទៀត ទទួលពីអ្នកប្រមូលសមុច្ច័យឯកជននានានៅសហរដ្ឋអាមេរិក៕