ព្រះធម្មវនវាសី ចន្ទ មុនី បាននិមន្តទៅពិនិត្យដល់បង្គោលព្រំដែនច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ក្នុងខេត្តរតនគិរី
រតនគិរី៖នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ព្រះធម្មវនវាសី ចន្ទ មុនី បាននិមន្តដល់បង្គោលព្រំដែនច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ខេត្តរតនគិរី ក្នុងដំណើរសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន។
ព្រះធម្មវនវាសី ចន្ទ មុនី បាននិមន្តទស្សនាបង្គោលព្រំដែនលេ(២៩/៤ និងបង្គោល៣០) នៅចំនុចច្រកទ្វារអន្តរជាតិអូរយ៉ាដា-ឡេថាញ់ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្តរតនគិរី។
ក្នុងនោះគេសង្កេតឃើញ ប្រជាពលរដ្ឋដែលមានជំនឿលើព្រះអង្គជាច្រើននាក់ទាំងនៅតាមដងផ្លូវ និងទីតាំងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បាននាំគ្នាយកសម្ភារដូចជា៖ ទឹកបរិសុទ្ធ ទៀន ធូប និងគ្រឿងបរិក្ខាផ្សេងៗ មកអង្គុយចាំទទួលព្រះធម្មវនវាសី ចន្ទ មុនី នៅតាមផ្លូវព្រដែនស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ព្រះសង្ឃ និងប្រជាពលរដ្ឋនៅខេត្តរតនគិរី ដែលរង់ចាំទទួលការនិមន្តទស្សនកិច្ច ក៏បានលើកឡើង និងបង្ហាញពីអារម្មណ៍សប្បាយរីករាយ ដែលព្រះអង្គបាននិមន្តមកទស្សនកិច្ចនៅតាមបង្គោលព្រំដែន។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ព្រះអង្គធម្មវនវាសី ចន្ទ មុនី បាននិមន្តទស្សនកិច្ច និងជួបជាមួយប្រជាពុទ្ធបរិស័ទនៅក្នុងខេត្តទាំង៤ ជាប់ព្រំដែនវៀតណាម និងឡាវ រួមមាន៖ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ហើយបន្តនិមន្តទៅកាន់ខេត្តព្រះវិហារ មុនត្រឡប់ទៅខេត្តកំពង់ឆ្នាំងវិញ។
សម្រាប់ការនិមន្តទស្សនកិច្ចនៅតាមខេត្តទំាងនោះ មានការទទួលស្វាគមន៍ និងរៀបចំទទួលយ៉ាងកក់ក្តៅពីសំណាក់អភិបាលខេត្តទាំង៤ ព្រមទាំងមន្រ្តី និងសមត្ថកិច្ចជាច្រើននាក់៕