ឯកអគ្គរដ្ឋទូតចិន ថ្កោលទោសចំពោះអ្នកប្រឌិតព័ត៌មានក្លែងក្លាយជាភាសាចិនថា កងទ័ពធ្វើរដ្ឋប្រហារទម្លាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងចាប់ខ្លួនសម្តេចតេជោ
ភ្នំពេញ៖លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសថ្កោលទោសចំពោះអ្នកប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាភាសាចិនមួយថា កងទ័ពធ្វើរដ្ឋប្រហារទម្លាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងចាប់ខ្លួនសម្តេចតេជោ ហ៊ុន សែន។ លោកអះអាងថា ចិននឹងសហការជាមួយមិត្តភ័ក្ដិកម្ពុជា ដើម្បីទប់ស្កាត់ និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយបែបនេះ។
តាមរយបណ្តាញសង្គម Facebook នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា៖ «យើងថ្កោលទោសចំពោះការប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ហើយនឹងសហការជាមួយមិត្តភ័ក្ដិកម្ពុជាដើម្បីទប់ស្កាត់និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ We condemn the fabrication and spread of fake news and are working together with Cambodian friends in the joint fight against such abomination every step of the way.»។
ការចេញមកប្រកាសថ្កោលទោសបែបនេះរបស់ លោក Wang Wenbin បានធ្វើឡើងក្រោយឃើញមានឃ្លីបវីដេអូមួយជាភាសាចិន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតថា សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងចាប់ខ្លួន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងការពារជាតិ ក៏បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះ ឃ្លីបវីដេអូជាភាសាចិនខាងលើនេះ ដែលបានចោទប្រកាន់ទាំងកម្រោល ដោយគ្មានភស្តុតាង មកលើថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងប្រកាន់ជំហរយ៉ាងរឹងមាំឥតងាករេ ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ។
ក្រសួងការពារជាតិ បានចាត់ទុកថា ការប្រឌិតព័ត៌មាននេះ មានចេតនាដ៏អាក្រក់ និងគួរឱ្យស្អប់ខ្ពើមបំផុត ដែលជាទង្វើដែលមិនអាចអត់ឱនឱ្យបាន។ ជាមួយគ្នានេះ ក្រសួងការពារជាតិ នឹងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីនាំខ្លួនក្រុមអគតិជ្រុលនិយម និងអ្នកពាក់ព័ន្ធដទៃទៀត ឱ្យមកទទួលខុសត្រូវពេញលេញចំពោះមុខច្បាប់ ឱ្យបានជាដាច់ខាត៕