ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បង្ហាញមោទនភាពចំពោះសមិទ្ធផល១ឆ្នាំដំបូង របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ជាខួប១ឆ្នាំដំបូង នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ឆ្នាំដំបូងនេះ រាជរដ្ឋាភិបាលនៃអ្នកបន្ដវេន បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ជូនជាតិ និងប្រជាពលរដ្ឋ ពិសេសបន្ដរក្សាបាននូវសុខ សន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការផ្ទាល់ជូនរាជរដ្ឋាភិបាល លើការងារកំណែទម្រង់វិស័យមុខសាធារណៈ បានបញ្ចេញសារមួយតាមរយៈទំព័រ Facebook ដោយបង្ហាញពីមោទនភាព ចំពោះអ្វីដែលរាជរដ្ឋាភិបាលសម្រេចបាន។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ខ្ញុំមានមោទនភាព និងក្តីសោមនស្ស សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះសមិទ្ធផលធំៗ ជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា សម្រេចបានក្នុងរយៈពេលមួយឆ្នាំដំបូង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ មោះមុត វាងវៃ ស្វាហាប់ ប្រាកដប្រជា ប្រកបដោយថាមពល បុរេសកម្ម មានចក្ខុវិស័យវែងឆ្ងាយ និងមានភាពបត់បែនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងវិធានការគន្លឹះទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច កំពុងត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំទូទាំងប្រទេស ហើយបាន និងកំពុងហុចផលជាវិជ្ជមានសម្រាប់ជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន។ សមិទ្ធផលទាំងអស់នេះ ក៏បានរួមចំណែកលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ៗ ក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំបំផុតពីសំណាក់មន្រ្តីគ្រប់លំដាប់ថ្នាក់ មានមោទនភាព ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងនាមជាសេនាធិការក្នុងការសម្រេចបានសមិទ្ធផលការងារសំខាន់ៗ ជាច្រើនបន្ថែមទៀត ដែលគាំទ្រដល់ការធានាឱ្យបាននូវប្រក្រតីភាព នៃការគ្រប់គ្រងមន្ត្រី និងស្ថានភាពរដ្ឋបាលរបស់មន្ត្រី ការធានានូវភាពទៀតទាត់ក្នុងការបើកប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល និងកិច្ចការពាក់ព័ន្ធ។
សមិទ្ធផលក្នុងឆ្នាំដំបូង ដែលយើងសម្រេចបានទាំងនេះ គឺជាមោទនភាព កម្លាំងចិត្ត និងជាសមិទ្ធផល ដែលចេញមកពីការតាំងចិត្តរបស់យើងទាំងអស់គ្នា ក្នុងការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ យើងទាំងអស់គ្នា ប្តេជ្ញាបន្តចូលរួមជាមួយគ្នាដោយមោះមុត ស្មោះស្ម័គ្រឥតងាករេ ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»៕