ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋរស់នៅបណ្តោយផ្លូវរថភ្លើង ស្នើសុំអាជ្ញាធរ ជួយពន្លឿនដោះស្រាយផលប៉ះពាល់ ខណៈផ្លូវសងខាងផ្លូវរថភ្លើងត្រូវពង្រីកម្ខាងៗ ១១ម៉ែត្រ

48

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់ទី១ ក្នុងមូលដ្ឋានខណ្ឌទួលគោកបានស្នើសុំអោយ អាជ្ញាធរខណ្ឌ និងអាជ្ញាធររាជធានី ជួយពន្លឿនក្នុងការដោះស្រាយផលប៉ះពាល់ដីលំនៅដ្ឋានរបស់ពួកគាត់ ខណៈផ្លូវសងខាងផ្លូវរថភ្លើងនេះ ត្រូវការពង្រីកអោយបានធំរហូតម្ខាងៗ១១ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ី។
ការស្នើអោយពន្លឿននៃការដោះស្រាយករណីខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៣សីហាឆ្នាំ២០២៤នេះ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៤ឆ្នាំ២០២៤នេះ នៅមហោស្របចេនឡា សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ក្រោមវត្តមាន លោកទូច ស៊ុនណារី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌទួលគោក,លោកជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ,លោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និងលោកជា ពិសីអភិបាលខណ្ឌទួលគោក។
លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ តំណាងអោយប្រជាពលរដ្ឋរស់នៅភូមិទី១៥និងទី១៦ តាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់ទី១ បានលើកឡើងពីណើរនិងសំណូមពររបស់ប្រជាពលរដ្ឋថា៖ ផ្លូវសងខាងផ្លូវរថភ្លើងនេះ ត្រូវការពង្រីកអោយបានធំរហូត១១ម៉ែត្រសងខាង ហើយគម្រោងនេះបានធ្វើអោយប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋដែលទទួលរងប៉ះពាល់ទាំងនោះ បានឯកភាពចំពោះការដោះដូររបស់អាជ្ញាធរ ដែលអោយដីពួកគាត់ទៅរស់នៅ ភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌដង្កោនិងទៅនៅសង្កាត់សំរោងក្រោមខណ្ឌព្រែកព្នៅ។ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ដោះស្រាយ ដូច្នេះហើយពួកគាត់សូមអោយអាជ្ញាធរយើងជួយពន្លឿននៃការដោះស្រាយនេះអោយបានលឿន។
លោកជា ពិសី បានលើកឡើងថា៖ រដ្ឋបាលខណ្ឌទួលគោក បានបម្រើ សេវា តម្រូវការជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដូច្នេះហើយ ទើបនៅក្នុងវេទិកានេះ មិនសូវមានប្រជាពលរដ្ឋលើកឡើងជាសំណើរនិងសំណូមពរច្រើន ព្រោះអ្វីជាកង្វល់និងបញ្ហារបស់ពួកគាត់ ត្រូវបានអាជ្ញាធរខណ្ឌទួលគោកពិសេសក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌទួលគោកដឹកនាំដោយលោកកិត្តិនីកោសលបណ្ឌិត ឱម យិនទៀង ជាប្រធាន បានធ្វើការដោះស្រាយជូនពួកគាត់បានរហូតដល់២១៧៦សំណើរនិងសំណូមពរ នៅសេសសល់ចំនួន១២៤ករណី ក្រុមការងារបាននិងកំពុងដោះស្រាយ។
លោក ជា ពិសី បន្តថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៣សីហានេះ មានតំណាងប្រជាពលរដ្ឋបានលើកឡើងជាសំណើរ សំណូមពរចំនួន៣រូប ពាក់ព័ន្ធនិងការសុំជួយកាប់ដើមឈើចាស់ទ្រុឌទ្រោម១ដើម ដោះស្រាយបញ្ហាលូ និងសុំដោះស្រាយផលប៉ះពាល់នៃការពង្រីកផ្លូវតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់ទី១។ចំណែកសំណើរជាលាយល័ក្ខអក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ មានចំនួន២៨សំបុត្រផងដែរ។
លោក ជា ពិសី បានបញ្ជាក់ថា៖ ចំពោះសំណើរ សំណូមពរខាងលើនេះ អាជ្ញាធរយើងនឹងធ្វើការដោះស្រាយអោយបានល្អ។ចំណែកសំណើរដោះស្រាយផលប៉ះពាល់នៃការព្រីកផ្លូវតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់ទី១ យើងនិងបង្កើតអង្គប្រជុំមួយជាមួយជំនាញ់ពាក់ព័ន្ធ និងជាមួយរដ្ឋបាលរាជធានីភ្នំពេញដើម្បីដោះស្រាយករណីនេះអោយទទួលបានផលល្អ។
លោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌទួលគោកនាព្រឹកនេះ
ធ្វើឡើងដើម្បីអោយ ប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋអោយអាជ្ញាធរបានដឹងលឺ ហើយរួមគ្នាដោះស្រាយ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៏ និងការបំរើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានជាដើម៕

អត្ថបទដែលជាប់ទាក់ទង