ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធពីការងារ សន្ដិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

42

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត( គ.ជ.ប) នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពី ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប ថ្លែងក្នុងកិច្ចប្រជុំនេះថា ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ ធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព គ្មានការភិតភ័យឬការបំភិតបំភ័យក៏ដូចជាគ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិនិង គ.ជ.ប បានដាក់ចេញនូវផែនការអន្តរស្ថាប័នស្តីពីកិច្ចការ ពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។
ឯកឧត្តម ឌឹម សុវណ្ណា បានបន្តថា សម្រាប់ការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤នេះគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និង គ.ជ.ប បានបន្តកិច្ច សហការយ៉ាងជិតស្និទ្ធ ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ ដោយបានចាត់វិធានការដូចតទៅ៖
ទី១ មុខសញ្ញាសំខាន់ៗដែលត្រូវការពារ មាន ប្រធាន អនុប្រធាន និងសមាជិក ព្រមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃ គ.ជ.ប។ ប្រធាន អនុប្រធាន និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់របស់ លធ.ខប។សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់និងក្រុមចុះឈ្មោះបោះឆ្នោត។ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងភ្នាក់ងាររបស់គណបក្សនយោបាយ។
២.គោលដៅសំខាន់ៗ ដែលត្រូវការពារមាន៖
ទីស្តីការ គ.ជ.ប និងទីស្នាក់ការ លធ.ខប
ទីតាំងបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត និងទីតាំងបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ (បញ្ជីបោះឆ្នោតឆ្នាំ២០២៣) ការិយាល័យចុះ ឈ្មោះបោះឆ្នោតដែលមានទីតាំងនៅតាមសាលា ឃុំ សង្កាត់ឬចល័តនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់។ ទីកន្លែងរក្សាទុកនិងការដឹកជញ្ជូនឯកសារ សម្ភារ បរិក្ខារ និងសង្ហារិមផ្សេងៗ បម្រើឱ្យការចុះឈ្មោះបោះឆ្នោតពីគោលដៅមួយទៅកាន់គោលដៅមួយទៀតដែលកំណត់ដោយ គ.ជ.ប ឬ/និង លធ.ខប។
ទីតាំងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់ នៅទូទាំងប្រទេសនិងទី តាំងបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤។
អំពីការរៀបចំយន្តការ /រចនាសម្ព័ន្ធសន្តិសុខបោះ ឆ្នោតនៅរាជធានី ខេត្ត គណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី ខេត្តដែលមានស្រាប់ ត្រូវបានកំណត់ និងប្រើប្រាស់ជាយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតរាជធានី ខេត្ត ហៅថា គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍រាជធានី ខេត្តសម្រាប់ការបោះឆ្នោត ត្រូវបំពេញមុខងារតាមឋានៈ តួនាទី និងការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តរៀងៗខ្លួន ដែលមានស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ធ្វើជាសេនាធិការ ត្រូវគ្រប់គ្រង ដឹក នាំ និងបញ្ជាគ្រប់យន្តការ រចនាសម្ព័ន្ធសន្តិសុខ និងមន្រ្តីអនុវត្តច្បាប់នៅក្រោមឱវាទ ដោយសហការជាមួយ គ.ជ.ប ឬ/និង លធ.ខប ត្រួតពិនិត្យការរៀបចំកម្លាំងនគរបាលការពារ និងកម្លាំងកងរាជអាវុធហត្ថតាមផែនការ និងសេចក្តីណែនាំផ្សេងៗដែលបានកំណត់។
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ/និងកម្លាំងកងរាជអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំជាភ្នាក់ងារសន្តិសុខបោះឆ្នោត តាមសំណូមពរចាំបាច់របស់ គ.ជ.ប ឬ/និង លធ.ខប។
ទី២ គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការចាំបាច់របស់គណបក្ស ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ ឬតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គ.ជ.ប។
យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គណបក្សនយោបាយដែលមានបំណងចាត់តាំងភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅក្រុមប្រឹក្សាឃុំ សង្កាត់ ៧ថ្ងៃមុនថ្ងៃចាប់ផ្តើមដំណើរការនៃការពិនិត្យ-បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត រហូតដល់១០ថ្ងៃមុនថ្ងៃបញ្ចប់ដំណើរការនេះ។ ដូចនេះផ្អែកតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ កាលបរិច្ឆេទនៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើភ្នាក់ងារ-គណបក្សនយោបាយសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។ គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ គណបក្សប្រជាជនកម្ពុជា បានធ្វើការផ្ទេរសិទ្ធិជូនតំណាងរបស់ខ្លួន ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
ដូច្នេះប្រជាពលរដ្ឋ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ តទៅ៕

អត្ថបទដែលជាប់ទាក់ទង