ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កូនខ្មែរត្រូវចេះសរសេរខ្មែរឲ្យច្បាស់ ហើយចេះគណិតវិទ្យាឱ្យមាំ ដើម្បីស្រួលរកការងារ

44

កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តឱ្យ កូនខ្មែរត្រូវចេះសរសេរខ្មែរឲ្យច្បាស់ ហើយចេះគណិតវិទ្យាឱ្យមាំ ដើម្បីងាយស្រួល ក្នុងការស្វែងរកការងារ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យមើលសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២៤ សីហា ២០២៤ ដែលជាសកម្មភាពក្រៅផ្លូវការ របស់សម្ដេចធិបតី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កុំភ្លេចធំបំផុត គឺគណិត ហើយនិងខ្មែរ ត្រូវពង្រឹង […] កូនខ្មែរត្រូវចេះសរសេរខ្មែរឲ្យច្បាស់ គណិតវិទ្យាឲ្យមាំ នេះជាមូលដ្ឋានធំណាស់»។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ម៉ោងដែលបង្រៀនបន្ថែម គឺផ្ដោតខ្លាំងប្រមាណ៨០ភាគរយ ទៅលើមុខវិទ្យាគណិតវិទ្យា និងមុខវិទ្យាភាសាខ្មែរ ខណៈភាសាអង់គ្លេស និងកុំព្យូទ័រ បន្ទាប់បន្សំបន្ថែម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា កូនខ្មែរបើសរសេរខ្មែរមិនត្រង់ជួរ គឺពិបាកណាស់ ទៅដាក់ពាក្យរកការងារធ្វើក៏ពិបាក ជួនកាលសរសេរមិនត្រូវន័យទៀតផង។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សំណូមពរឲ្យឪពុក-ម្តាយ សហការជាមួយលោកគ្រូ-អ្នកគ្រូ ក្នុងការប្រដៅកូនរបស់ខ្លួន ឲ្យមានឥរិយាបទល្អ មិនត្រូវការពារកូនជ្រុលខ្លាំងពេក រហូតនាំឲ្យកូនក្មេងខូចនោះទេ៕

អត្ថបទដែលជាប់ទាក់ទង