ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ប្រកាសទទួលពលរដ្ឋចូលកម្សាន្តដោយមិនគិតថ្លៃសំបុត្ររៀងរាល់ចុងសប្តាហ៍ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤

40


មណ្ឌលគិរី៖លោកស្រី សេង សុជាតិតា ជានាយិកាក្រុមហ៊ុនមណ្ឌល ខេ រីស៊ត (Mondul K Resort) ដែលកំពុងអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បានឱ្យដឹងថា រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគីរី នឹងបើកទទួលប្រជាពលរដ្ឋចូលទស្សនាដោយមិនគិតថ្លៃចូលរៀងរាល់ចុងសប្តាហ៍ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤។
ការប្រកាសនេះ គឺជាការចូលរួមគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ នៅភាគឦសាន និងចូលរួមផ្សព្វផ្សាយអំពីសក្កានុពលតំបន់ទេសចរណ៍ និងធម្មជាតិ។
លោកស្រីនាយិការូបនេះ បានគូសបញ្ជាក់ថា ការអភិវឌ្ឍរមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជាការវិនិយោគក្រោមក្រុមហ៊ុនដែលមានលោកស្រីជាម្ចាស់ចាប់តាំងពីឆ្នាំ២០១៣ មកម្ល៉េះក្រុមហ៊ុនក៏បានចុះកិច្ចសន្យាជាមួយអនុគណៈកម្មការវិនិយោគខេត្តមណ្ឌលគិរី នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ លើផ្ទៃដីដែលកំពុងគ្រប់គ្រងមានទំហំ ១១៩ហិតា ក្នុងគោលបំណងរៀបចំស្តាររមណីយដ្ឋានឡើងវិញតាមបែបអេកូទេសចរណ៍ និងធម្មជាតិ។ បច្ចុប្បន្នការគ្រប់គ្រងនៃតំបន់រមណីយដ្ឋាននេះ គឺបានស្តារឡើងវិញនូវផលអវិជ្ជមានកន្លងមក គឺស្ថាបនាថ្មីយ៉ាងច្រើន និងបានផ្តល់ការងារដល់អ្នកក្នុងតំបន់ ចំណាកស្រុក និងបងប្អូនជនជាតិភាគតិច សរុបបុគ្គលិកចំនួន៣០នាក់ ផ្តល់កន្លែងធ្វើអាជីវកម្មដល់អាជីវករក្នុងតំបន់ចំនួន ៥៥គ្រួសារ ផ្តល់កន្លែងលក់ដូរជូនជនជាតិភាគតិចដោយមិនគិតថ្លៃចំនួន ៥០គ្រួសារ។
ទន្ទឹមនេះក្រុមហ៊ុនមានគម្រោងសាងសង់បន្ថែមរួមមាន សេវាកម្មជិះម៉ូតូកង់បួនទេសចរណ៍ (ATV) ទៅទស្សនាទឹកធ្លាក់ជាន់ទី៣, សាងសង់រានហាលកញ្ចក់ទស្សនាទឹកជ្រោះ, សាងសង់សួនសង្រ្គោះសត្វព្រៃ ដែលនឹងនាំមកនូវបទពិសោទថ្មី ដើម្បីឈ្វេងយល់អំពីសត្វព្រៃ ដែលនឹងរួចរាល់ក្នុងពាក់កណ្តាលឆ្នាំ២០២៥ ស្របពេលដែលក្រសួងអភិវឌ្ឍន៍ជនបទក៏នឹងចូលរួមចំណែកក្នុងការស្ថាបនាឡើងវិញនូវផ្លូវចូលក្នុងរមណីយដ្ឋានផងដែរ។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងផ្តល់ជាធម្យោបាយដឹកជញ្ជូន និងម្ហូបអាហារជូនប្រជាពលរដ្ឋទៅកាន់ខេត្តចំនួននៅភាគឦសានមានដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ដោយមិគិតថ្លៃសម្រាប់ថ្ងៃចុងសប្តាហ៍ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋ សិស្សនិស្សិតមើលឃើញពីការអភិវឌ្ឍយ៉ាងច្រើននៃខេត្តទាំង៤នេះ។
គម្រោងទស្សនកិច្ចនៅក្នុងខេត្តទាំង៤ ជាប់ព្រំដែនជាមួយវៀតណាម និងឡាវ មានគោលដៅបង្ហាញឱ្យប្រជាពលរដ្ឋមើលឃើញពីកិច្ចសហប្រតិបត្តិតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DAT)។
សូមជម្រាប់ថា ការចូលរួមចំណែកពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បើកឱ្យប្រជាពលរដ្ឋចូលទស្សនារមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដោយមិនគិតថ្លៃ សម្រាប់ថៃ្ងសៅរ៍ និងថ្ងៃអាទិត្យមានរយៈពេល៤ខែ ដោយគិតចាប់ពីខែកញ្ញា ទៅដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចូលរួមគាំទ្រគំនិតផ្តូចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង