ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្រ្តីថៃថ្មី ប្តេជ្ញាពង្រឹងទំនាក់ទំនងថៃ-ចិនបន្ថែមទៀត

52

បាងកក៖លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ បានថ្លែងនៅថ្ងៃចន្ទនេះថា ប្រទេសថៃ និងចិនមាន «មិត្តភាពជិតស្និទ្ធ» និងលោកស្រីបានប្តេជ្ញាចិត្តពង្រឹងចំណងទ្វេភាគីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
លោកស្រី ផែថងថាន បានសរសេរនៅលើបណ្តាញសង្គម X ថា មិត្តភាពរបស់ប្រទេសថៃជាមួយប្រទេសចិន គឺផ្អែកលើ «ការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ទស្សនវិស័យរួមសម្រាប់វិបុលភាព និងវឌ្ឍនភាព ព្រមទាំងចំណងគ្រួសាររវាងប្រជាជននៃប្រទេសទាំងពីររបស់យើង»។
លោកស្រីនាយករដ្ឋមន្រ្តីបានបន្ថែមថា លោកស្រីបានប្តេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសថៃ និងប្រទេសចិន និងទន្ទឹងរង់ចាំការប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ ២០២៥។
លោកស្រី ផែថងថាន ជាមេដឹកនាំគណបក្សភឿថៃ អាយុ៣៨ ឆ្នាំ ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ កាលពីថ្ងៃទី ១៦ ខែសីហា បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅសភា។ លោកស្រីបានទទួលការតែងតាំងជាផ្លូវការពីព្រះមហាក្សត្រថៃ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីស្ត្រីទី ២ និងជាមេដឹកនាំក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង