ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្ដហោះចម្បាំង F-16 របស់អ៊ុយក្រែន ធ្លាក់ និងពីឡុតម្នាក់ស្លាប់ អំឡុងទប់ស្កាត់ការវាយប្រហារពីរុស្ស៉ី

39

កៀវ៖យោធាអ៊ុយក្រែន បានឱ្យដឹងថាយន្ដហោះចម្បាំង F-16 របស់ខ្លួនមួយគ្រឿង បានធ្លាក់ អំឡុងធ្វើប្រតិបត្តិការទប់ស្កាត់ការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ មួយរបស់រុស្ស៉ី កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ដែលនេះជាការបាត់បង់លើកដំបូងបំផុត ចាប់តាំងពីរង់ចាំអស់រយៈពេលយ៉ាងយូរ នៃការមកដល់យន្ដហោះចម្បាំង ដ៏ទំនើបផលិតដោយសហរដ្ឋអាមេរិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់នៅក្នុងការបង្ហោះលើ Facebook កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហាថាយន្ដហោះចម្បាំង F-16 ខាងលើបានធ្លាក់ ហើយ ពីឡុតបានស្លាប់ ក្នុងពេលហោះទៅកៀកនឹងគោលដៅមួយរបស់រុស្ស៉ី។ អគ្គសេនាធិការកងទ័ពអ៊ុយក្រែនបានបន្ថែមថា F-16 បានបង្ហាញពីប្រសិទ្ធភាពខ្ពស់ និងបានបាញ់ ទម្លាក់មីស៊ីលគ្រូសរុស្ស៉ី៤គ្រាប់។ អ៊ុយក្រែនបានអះអាងថារុស្ស៉ីកាលពីថ្ងៃចន្ទ បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយដោយបាញ់មីស៊ីល និងដ្រូនច្រើនជាង ២០០គ្រាប់ និងគ្រឿង។
គួរបញ្ជាក់ថា មន្ត្រីយោធាអាមេរិកម្នាក់ បានប្រាប់ Reuters ថាការធ្លាក់យន្ដហោះចម្បាំង F-16 កាលពីថ្ងៃចន្ទ មិនមែនដោយសារតែត្រូវបានបាញ់ទម្លាក់ដោយការវាយប្រហារ មីស៊ីលពីសំណាក់រុស្ស៉ីនោះទេ ហើយមូលហេតុគឺអាចមកពីកំហុសរបស់ពីឡុត ឬបញ្ហាបច្ចេកទេសដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង