ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញចាត់តំណាងនាំយកលិខិតរំលែកទុក្ខនិងថវិកា១០លានរៀល,ទឹកសុទ្ធ១០០កេសជូនក្រុមគ្រួសារសពមន្ត្រីនគរបាលបុស្តិ៍នរដ្ឋបាលបឹងកេងកងទី២

87

ភ្នំពេញ៖នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៩:៣០នាទីនេះ ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានដឹកនាំមន្រ្តីរាជការក្រោមឱវាទនៃរដ្ឋបាលរាជធានីភ្នំពេញ សូមចូលរួមសម្ដែងនូវសមានចិត្តក្រៀមក្រំ និងរំលែកនូវមរណទុក្ខដោយក្ដីសោកស្ដាយបំផុតជាមួយលោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារ នៃសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្រ្ដីនគរបាលប៉ុស្ដិ៍បឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្ដិការបង្រ្កាបករណីហិង្សា នៅចំណុចផ្លូវលេខ ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបានពាំនាំនូវសារលិខិតរំលែកទុក្ខរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណាឃួង ស្រេង ព្រមទាំងបច្ច័យចូលរួមបុណ្យសពចំនួន ១០.០០០,០០០រៀល និងទឹកបរិសុទ្ធចំនួន ១០០កេស ដើម្បីរៀបចំពិធីបុណ្យសពទៅតាមទំនៀមទំលាប់ប្រពៃណី និងសូមបួងសួងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ត្រី សៅ រក្សា សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងលិខិតរំលែកទុក្ខរបស់ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖
ជូនចំពោះលោក នៅ សំបូរ និងលោកស្រី យ៉ង អិត ត្រូវជាឪពុកម្តាយបង្កើតនៃក្រុមគ្រួសារសព លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីបុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ខណ្ឌបឹងកេងកង។
ក្នុងនាមគណៈអភិបាលរាជធានី គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមក្រំបំផុត ចំពោះការបាត់បង់ជីវិតរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីបុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្តិការចុះអន្តរាគមន៍បង្ក្រាបជនញៀនគ្រឿងញៀន និងថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
មរណភាពរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា គឺជាការបាត់បង់កងកម្លាំងដ៏អង់អាចក្លាហាន និងជាពលីកម្មដ៏ ធំធេងរបស់នគរបាលរាជធានីភ្នំពេញ ដែលបានចូលរួមចំណែកយ៉ាងសកម្មខ្លាំងក្លា ក្នុងបុព្វហេតុនៃការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម តាមរយៈប្រតិបត្តិការចុះអន្តរាគមន៍បង្ក្រាបជនញៀនគ្រឿងញៀន ដើម្បីការពារប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដែលហ៊ានលះបង់សាច់ ស្រស់ ឈាមស្រស់ និងសូម្បីតែជីវិតរបស់ខ្លួន ស័ក្តិសមជាកងកម្លាំងគំរូសម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
ស្ថិតក្នុងសមានទុក្ខវិយោគសោកស្តាយ ស្រណោះអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាននេះ ក្នុងនាមគណៈអភិបាល រាជធានី គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមលំឱនកាយវាចាចិត្ត ចូលរួមរំលែកទុក្ខ ប្រកបដោយក្តីសោកសង្វេគស្រងេះស្រងោចយ៉ាងក្រៃលែង ជាមួយនឹង ក្រុមគ្រួសាសព និងអង្គភាពបុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ហើយសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមក្រុមគ្រួសារនៃសព ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតពីខ្ញុំ៕

អត្ថបទដែលជាប់ទាក់ទង