ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

61

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​(គ.ជ.ប)​នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤​បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប ថ្នាក់ដឹកនាំ​កនាំ គ.ជ.បនិងអ្នកពាក់ព័ន្ធជាច្រើនរូប​។​
ឯកឧត្តម មាន សទិ បានជម្រាបជូនពីប្រធាន​បទសំខាន់ៗមួយចំនួន ដែល គ.ជ.ប ត្រូវរៀបចំដើម្បីធានាដល់កិច្ចដំណើរការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ មានដូចខាងក្រោម ៖ ១.ការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់។ ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះ​ឆ្នោតឆ្នាំ២០២៤ មានរយៈពេល១៦ថ្ងៃ គឺចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រៀង​រាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេល​រសៀលចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០​នាទីល្ងាច នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។
ឯកឧត្តមបញ្ជាក់ថា ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ក្នុងឆ្នាំនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ មិនបានបិទការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រួត​ពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទេ។ ក្នុងករណីមានការប្រែ​ប្រួលប្រតិទិនការងារ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ត្រូវជម្រាបជូនដំណឹងទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមបន្តថា ក្នុងដំណាក់កាលនេះ ប្រជាព​លរដ្ឋអាចទៅពិនិត្យមើលឈ្មោះនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប​voterlist.nec.gov.kh ឬតាមរយៈកម្មវិធីទូរសព្ទដៃ (App) NEC KH។
ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (កើតមុនឬកើតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦) ដែលមិនទាន់បានចុះឈ្មោះបោះ​ឆ្នោត ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។
ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះ​ឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត៖
បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរស្ថិតនៅក្នុងឃុំ សង្កាត់ ដែលប្រជាពលរដ្ឋកំពុងរស់នៅ និងសុំចុះឈ្មោះ នោះក្រុមចុះឈ្មោះបោះឆ្នោតនឹងរៀបចំចុះឈ្មោះជូនតាមនីតិវិធីរបស់ គ.ជ.ប បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសពីឃុំ សង្កាត់ ដែលប្រជាពលរដ្ឋសុំចុះឈ្មោះ នោះប្រជាពលរដ្ឋត្រូវយកបន្ថែមនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិត​បញ្ជាក់ទីលំនៅក្នុងឃុំ សងា្កត់ ដែលស្នើសុំចុះឈ្មោះ ការធ្វើលិខិតបញ្ជាក់ទីលំនៅ ត្រូវធ្វើនៅឃុំ សង្កាត់ ទៅតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ន (ក៩) និងសាក្សី១នាក់ ដែលជាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ជាមួយគ្នា។
ក្នុងករណីប្រជាពលរដ្ឋគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នោះប្រជាពលរដ្ឋត្រូវទៅជួបមេឃុំ ចៅសង្កាត់ ដើម្បីស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ដោយត្រូវនាំយកទៅជាមួយនូវសំបុត្របញ្ជាក់កំណើត ឬឯកសារបញ្ជាក់ពីសញ្ជាតិ រូបថត ៣x៤ ចំនួន ២សន្លឹក និងសាក្សី ២រូប ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ជាមួយគ្នា “សាក្សីត្រូវតែមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ឬស្មៀនឃុំ សង្កាត់”។
បើប្រជាពលរដ្ឋមិនបានបំពេញតាមលក្ខខណ្ឌដូចបានជម្រាបជូនខាងលើទេ នោះប្រធានក្រុមចុះឈ្មោះបោះឆ្នោត នឹងសម្រេចបដិសេធការស្នើសុំចុះឈ្មោះ ដោយចេញទម្រង់បដិសេធ ១០០៩ ហើយប្រជាពលរដ្ឋដែលត្រូវបានបដិសេធអាចប្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេលយ៉ាងយូរ៣ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលទម្រង់បដិសេធ១០០៩ ហើយនីតិវិធីត្រូវធ្វើបន្តបន្ទាប់តាមច្បាប់បោះឆ្នោត រហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញ៕

អត្ថបទដែលជាប់ទាក់ទង