ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួង ស្រេង ៖ជាមន្ត្រីបំរើរាស្រ្ត មិនមានថ្ងៃសៅរ៍ ថ្ងៃអាទិត្យទេ ត្រូវរួមគ្នាបំពេញការងារបំរើប្រជាពលរដ្ឋអោយបានក្តៅគគុក មានការងាររួមគ្នាធ្វើ មានទុក្ខក៏រួមគ្នា មានអីហូប ក៏ចែកគ្នាហូប

48

ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំអោយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនិងខណ្ឌទាំង១៤ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបំពេញការងារជូនរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ អោយអស់កម្លាំងកាយចិត្ត ដោយត្រូវស្វែងយល់ពីការងារ ពង្រឹងសមត្ថភាព ហ៊ានលះបង់គ្រប់យ៉ាង ទាំងពេលវេលា កម្លាំងកាយចិត្ត បញ្ញា ស្មារតី ពោលគឺធ្វើអោយបានល្អ ធ្វើអោយគេកោតសរសើរ។
ធ្វើការណែនាំបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក ហូរលីម នាយករងរដ្ឋបាលរាជធានីភ្នំពេញ ជានាយករដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្នុងនាមជាមន្ត្រីបំរើរាស្រ្ត មិនមានថ្ងៃសៅរ៍ ថ្ងៃអាទិត្យទេ ត្រូវរួមគ្នាបំពេញការងារបំរើប្រជាពលរដ្ឋអោយបានក្តៅគគុក មានការងាររួមគ្នាធ្វើ មានទុក្ខក៏រួមគ្នា មានអីហូប ក៏ចែកគ្នាហូប។ចំពោះការងារត្រូវថ្លឹងថ្លែងអោយបានច្បាស់លាស់ អ្វីគួរអប់រំ យើងអប់រំ អ្វីដែលមិនត្រូវអប់រំ គឺអនុវត្តតាមច្បាប់។
ឯកឧត្ដមឃួង ស្រេង បានបន្តថា៖ នាយករដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងដោយប្រកាសដូច្នេះ រាល់ការងារនៅថ្នាក់ខណ្ឌដាច់ខាតត្រូវរាយការណ៍មក នាយករដ្ឋបាលរាជធានីភ្នំពេញ ហើយការងារដែល នាយករដ្ឋបាលរាជធានីភ្នំពេញដាក់អោយខណ្ឌអនុវត្ត ត្រូវអនុវត្ត។ខណ្ឌទាំង១៤ត្រូវ ដឹងពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន មានអីខ្វះខាត ដោះស្រាយមិនចេញ ត្រូវរាយការណ៍មកក្រុង ដើម្បីយើងបន្តដោះស្រាយជូនប្រជាពលរដ្ឋ។
ឯកឧត្ដមឃួង ស្រេង ក៏បានបង្ហើបអោយដឹងដែលថា៖ ពេលនេះហើយនៅមានមន្ត្រីប៉ូលីសយើងមួយចំនួនតូច ធ្វើអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋបានហើយ ទុកចោលមិនយកអោយពលរដ្ឋទេ ចាំយកផលប្រយោជន៍ពីប្រជាពលរដ្ឋ ការងារនេះបើមន្ត្រីនៅតែមានបែបនេះ មិនអាចទុកអោយនៅទេ បើដឹងត្រូវកែខ្លួនជាបន្ទាន់ យើងត្រូវអនុវត្តការងារ កែទម្រង់ស៊ីជម្រៅហើយ។
ឯកឧត្ដមឃួង ស្រេង ក្នុងឱកាសនោះក៏បានថ្លៃការអរគុណចំពោះ អាជ្ញាធរនិងកងកម្លាំងទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពិសេសការទប់ស្កាត់ក្រុមអគតិនិងក្រុមជ្រុលនិយម ចង់ផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៨សីហា កន្លងមកនេះ។ យើងទាំងអស់គ្នាត្រូវរក្សាសន្តិភាពអោយបានគង់វង់ទោះក្នុងតម្លៃណាក៏ដោយ។
ក្នុងឱកាសនោះលោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវបានតែងតាំងថ្មីនេះ បានប្តេជ្ញាចិត្តថា៖ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារទ្វេដង ដើម្បីបំរើរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ។ ប្តេជ្ញាធានារក្សាសន្តិសុខ សុវត្ថិភាពនិងរក្សាសន្តិភាពអោយបានទោះបីក្នុងតម្លៃណាក៏ដោយ។ ប្តេជ្ញាចាត់ចែងការងាររដ្ឋបាលអោយបានល្អប្រសើរស្របតាមច្បាប់។ចូលរួមសហការនិងលើកកំពស់សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ដោយអនុវត្តតាមគុណសម្បត្តិ ៤យ៉ាង ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និង វប្បធម៌សាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង