សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ ដែលប្រោសព្រះរាជទានថវិកា ៣ម៉ឺនដុល្លារដល់ «មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលព្រះអង្គប្រោសព្រះរាជទានថវិការ ចំនួន៣ម៉ឺនដុល្លារដល់ «មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន»។
តាមរយៈសារលិខិតទូលថ្វាយព្រះមហាក្សត្រ ដែល ទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖
«តាងនាមរាជរដ្ឋាភិបាល និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយ នូវសេចក្ដីថ្លែងអំណរព្រះគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វេះ ព្រះរាជហឫទ័យប្រោសព្រះរាជប្រទាននូវ ថវិកាព្រះអង្គផ្ទាល់ចំនួន ៣០,០០០ដុល្លារ (សាមសិបពាន់ដុល្លារអាមេរិក) ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទិ្ធបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតា និងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ជាពិសេសព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយថែរក្សា និងប្រោះព្រំនូវ សព្ទសាធុកាពរជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ជួបប្រសព្វតែនឹងព្រះពុទ្ធពរដ៏ប្រពៃទាំងបួនប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។
សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវ ព្រះរាជភក្តីភាពដ៏ស្មោះស្ម័គ្រ និងសេចក្តីគោរពដ៏ជ្រាលជ្រៅខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ»៕