សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនប្រធានរដ្ឋវៀតណាម អបអរសាទរខួបលើកទី៧៩ នៃទិវាបុណ្យឯករាជ្យវៀតណាម
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទីរបស់កម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរជូនលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម ក្នុងឱកាសខួបលើកទី៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម។
ក្នុងលិខិតដែលទទួលបានសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្ដៅបំផុត និងសព្ទសាធុការពរជូនចំពោះ ប្រជាជន និងរដ្ឋនៃប្រទេសវៀតណាម ក្នុងឱកាសដ៏វិសេសវិសាល នៃខួបលើកទី៧៩ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ការប្រារព្ធទិវា ជាប្រវត្តិសាស្ត្រនេះ ពិតជាការតំណាងនូវភាពធន់ និងការប្តេជ្ញាចិត្តរបស់វៀតណាម ដើម្បីសេរីភាព និង អធិបតេយ្យភាពរបស់ខ្លួន។
ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យរបស់បក្សកុម្មុយនីសមិទ្ធកម្មគួរឱ្យកោតស្ញប់ ស្ញែងនៃស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ និងការចូលរួមយ៉ាងសកម្មរបស់ប្រជាជន, ប្រទេសវៀតណាមសម្រេចបាននូវការរីកចម្រើនគួរឲ្យកត់សម្គាល់លើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយយ៉ាងខ្លាំង ដែលប្រទេសទាំងពីរកម្ពុជា-វៀតណាម នៅតែរក្សាបាននូវទំនាក់ទំនង យ៉ាងជិតស្និតនៅគ្រប់កម្រិត និងគ្រប់វិស័យ។ សម្ដេចបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការធ្វើ ការយ៉ាងជិតស្និទ្ធជាមួយប្រធានរដ្ឋ ក៏ដូចជាបក្សកុម្មុយនីស្ត និងរដ្ឋាភិបាលវៀតណាម ដើម្បីបន្តជំរុញទំនាក់ទំនងទ្វេភាគីទាំងពីរ ដោយផ្អែកលើស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ដើម្បីប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ ប្រទេសយើងទាំងពីរ ក៏ដូចជាសម្រាប់តំបន់ និងពិភពលោក៕