ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខអង្គការ NATO បង្ហាញការគាំទ្រចំពោះ ប្រតិបត្តិការយោធារបស់អ៊ុយក្រែន នៅតំបន់ Kursk របស់រុស្ស៉ី

46


ព្រុចសែល៖ អគ្គលេខាធិការរបស់អង្គការណាតូ (NATO) លោក Jens Stoltenberg បាននិយាយនៅថ្ងៃសៅរ៍នេះថា អ៊ុយក្រែនមានសិទ្ធិទាំងស្រុង ក្នុងការបើកប្រតិបត្តិការយោធាវាយលុកចូលតំបន់ Kursk របស់រុស្ស៉ី ដែលនៅជាប់ព្រំដែន ដើម្បីការពារខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤។
ប្រតិបត្តិការយោធាខាងលើ ដែលចាប់ផ្តើមតាំងពីថ្ងៃទី៦ ខែសីហា បានធ្វើឱ្យរុស្ស៉ីមានការភ្ញាក់ផ្អើល ហើយទីក្រុងកៀវបានអះអាងថា ខ្លួនដណ្តើមកាន់កាប់បានភូមិរាប់សិបកន្លែង រួមជាមួយផ្ទៃដីរុស្ស៉ីជាង ១,២០០គីឡូម៉ែត្រក្រឡា។ លោក Stoltenberg បានលើកឡើងយ៉ាងដូច្នេះថា «អ៊ុយក្រែនមានសិទ្ធិការពារខ្លួន ហើយបើយោងតាមច្បាប់អន្តរជាតិ សិទ្ធិនេះមិនកំណត់ត្រឹមនៅព្រំប្រទល់ឡើយ។ កងទ័ព រថក្រោះ ព្រមទាំង មូលដ្ឋានយោធារបស់រុស្ស៉ី នៅតំបន់ Kursk គឺសុទ្ធតែជាគោលដៅស្របច្បាប់ នៅក្រោមច្បាប់អន្តរជាតិ»។
យ៉ាងណាមិញ Stoltenberg បានបន្ថែមថា ការវាយលុករបស់អ៊ុយក្រែន ក៏បានបង្កភាពភ្ញាក់ផ្អើលក្នុងចំណោមសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវផ្ទាល់ ផងដែរ ដោយអ៊ុយក្រែនមិនបានយកផែនការរបស់ខ្លួន មកជជែកជាមួយ NATO ជាមុន ហើយបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ មិនបានដើរតួនាទីណាមួយ ក្នុងការបើកប្រតិបត្តិការវាយលុករបស់អ៊ុយក្រែន ឡើយ។
គួរបញ្ជាក់ថា ទោះជាបែបនេះក្តី ការវាយលុកចូលតំបន់ Kursk ហាក់បានកែប្រែស្ថានការណ៍តិចតួចបំផុត នៅតាមសមរភូមិមុខ នាភាគខាងកើតអ៊ុយក្រែន ជាទីដែលកងកម្លាំងរុស្ស៉ី បន្តរុលទៅមុខដោយសន្សឹមៗ ក្នុងនោះរួមមានទាំង ការដណ្តើមបានភូមិ៣កន្លែង កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទួលស្គាល់ថា កងទ័ពលោកកំពុងជួប ការលំបាកខ្លាំង នៅក្បែរទីក្រុងយុទ្ធសាស្រ្ត Pokrovsk ក្នុងតំបន់ Donetsk៕

អត្ថបទដែលជាប់ទាក់ទង