ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បញ្ចប់ទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅសាធារណៈរដ្ឋប្រជាមានិតចិន និងកត់សម្គាល់អំពីទំនាក់ទំនង «មិត្តដែកថែប កម្ពុជា-ចិន»

43


ភ្នំពេញ៖តបតាមសំណើរបស់ភាគីក្រសួងចាត់តាំង នៃគណៈមជ្ឈឹមបក្សកុម្មុយនីស្តចិន និងស្ថាប័នរដ្ឋបាលមុខងារសាធារណៈចិន ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ និងក្របខណ្ឌគណបក្ស ទៅបំពេញទស្សនកិច្ចផ្លូវការនៅសារធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា សម្រាប់ដំណើរទស្សនកិច្ចនេះ ទោះមានរយៈពេលខ្លី តែទទួលបានការស្វាគមន៍ រាក់ទាក់ ផ្តល់ឱកាសពិគ្រោះយោបល់ ត្រង់ទៅត្រង់មក ដើម្បីផលប្រយោជន៍រួមក្នុងការបង្កើតកិច្ចសហប្រតិបត្តិការក្របខណ្ឌបក្ស រដ្ឋ (កិច្ចការរដ្ឋបាលសាធារណៈ) និងប្រជាជន (យុវជន និងយុវជន)។
គួររំឭកផងដែរពីទំនាក់ទំនងកម្ពុជា-ចិន ដែលចាប់ផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជំនាន់មុនរវាង ព្រះបរមរតនកោដ្ឋ ជាមួយលោក ម៉ៅ សេទុង និងលោក ជូ អេងឡាយ។ តាមព្រះរាជសុវណ្ណីរបស់ ហ្លួងយាយ ជំនួបដំបូងគឺនៅឆ្នាំ១៩៥៥ រវាងសម្តេចតា និងលោក ជូ អេងឡាយ ក្នុងឱកាសនៃសន្និសីទទីក្រុងបានឌុង  (Bandung) នៅប្រទេសឥណ្ឌូណេស៊ី។
សម្តេចតា ធ្លាប់បានលើកឡើងថា បើទោះប្រទេសចិនជាប្រទេសធំ កម្ពុជាជាប្រទេសតូច តែទំនាក់ទំនង គឺផ្អែកលើភាពស្មើភាពគ្នា និងគោរពគ្នាទៅវិញ ទៅមក។
មូលដ្ឋានគ្រឹះនៃទំនាក់ទំនងនេះ បានរីកលូតលាស់ជាបន្ទបន្ទាប់រហូតដល់ដំណាក់កាលសម្តេចតេជោ និងលោក ហូ ជីនតាវ ក្នុងការអនុវត្តក្របខណ្ឌនៃ «កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» និងសម្តេចតេជោ ជាមួយលោក ស៊ី ជីនពីង រហូតក្លាយជា «មិត្តដែកថែបកម្ពុជា-ចិន» ហើយឈានដល់ការដាក់ចេញនូវ «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលបន្តអនុវត្តដោយ សម្តេចធិបតី ជាមួយនិងលោក ស៊ី ជីនពីង ជាពិសេសទំនាក់ទំនងលើគ្រប់វិស័យក្នុងទិសដៅឆ្ពោះទៅការរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។
ទំនាក់ទំនងទាំងអស់នេះ គឺក្នុងគោលដៅអភិវឌ្ឍន៍ជាតិ ដោយប្រែទំនាក់ទំនងទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។
តាមរយៈទំនាក់ទំនងការទូតដែលឈានដល់ខួប៦៦ ឆ្នាំ និងបទពិសោធ ពីទស្សនកិច្ចប្រាំថ្ងៃនេះ បានឲ្យលោកខ្ញុំ និងគណៈប្រតិភូកម្ពុជា ដែលជាកម្មាភិបាលជំនាន់ក្រោយ ស្វែងយល់កាន់តែច្បាស់បន្ថែមនូវអ្វីជាព្រះរាជបន្ទូលរបស់ ព្រះបរមរតនកោដ្ឋ ប្រសាសន៍របស់សម្តេចតេជោ និងសម្តេចធិបតី ដែលតែងលើកឡើងជាប្រចាំថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងពិសេសដោយការគោរពគ្នា និងការជឿទុកចិត្តគ្នា៕

អត្ថបទដែលជាប់ទាក់ទង