ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនអគ្គិសនីចិន BYD ប្រកាសកំណើនប្រាក់ចំណេញជាង ២៤ភាគរយ

41


ប៉េកាំង៖ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ចិន BYD កាលពីថ្ងៃពុធបានប្រកាសពីការកើនឡើងប្រាក់ចំណេញសុទ្ធ ២៤,៤ភាគរយនៅឆមាសទីមួយ ឆ្នាំ២០២៤ ដែលត្រូវបានជំរុញដោយសារការបន្តមានតម្រូវការដ៏ខ្លាំងនូវរថយន្តអគ្គិសនីនៅក្នុងទីផ្សារក្នុងស្រុកនិងក្រៅប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់របាយការណ៍ដែលក្រុមហ៊ុន BYD បានដាក់ជូនទីផ្សារហ៊ុនក្រុងហុងកុងថា ក្រុមហ៊ុនបានប្រកាសប្រាក់ចំណេញសុទ្ធចំនួន ១,៩១ពាន់លានដុល្លារអាមេរិកក្នុងអំឡុងខែមករាដល់ខែមិថុនា កើនឡើងពី ១,៥៤ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះបាននិយាយថា ការលក់ក្នុងអំឡុងឆមាសទី១ នេះមានចំនួន ៤២,៣ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហ្សិនចិននិងមានឈ្មោះពេញថា Build Your Dreams គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏លេចធ្លោបំផុតនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក។
ថ្នាក់ដឹកនាំក្រុងប៉េកាំងមានបំណងលក់រថយន្តភាគច្រើនជារថយន្តអគ្គិសនីនិងរថយន្តកូនកាត់នៅឆ្នាំ២០៣៥ ។ នៅក្នុងខែកក្កដា រថយន្តទាំងពីរប្រភេទនេះមានចំនួនច្រើនជាងពាក់កណ្តាលនៃការលក់ក្នុងស្រុកទាំងអស់ ដែលកើនខ្ពស់ជាងកម្រិតកំណត់ជាលើកដំបូង នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន៕

អត្ថបទដែលជាប់ទាក់ទង