ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់៤ខ្សែខ្នាតធំនៅសង្កាត់បឹងទំពន់ទី១បានរួចរាល់១ខ្សែផ្លូវលេខ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រ ៣ខ្សែទៀតកំពុងអនុវត្ត
ភ្នំពេញ៖ការដ្ឋានដាក់លូប្រអប់៤ខ្សែខ្នាតធំនៅសង្កាត់បឹងទំពន់ទី១បានរួចរាល់១ខ្សែផ្លូវលេខ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រ ហើយចាប់ផ្ដើមស្ថាបនាផ្លូវ ក្រោយពីបើកការដ្ឋានស្ថាបនាកាលពីខែឧសភា ដើម្បីដោះស្រាយទឹកលិច ចេញតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃ២កញ្ញានេះថា ៖ សកម្មភាពការដ្ឋានដាក់លូប្រអប់លើផ្លូវ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រប្រវែជិត២០០ម៉ែត្ររួចរាល់ទាំងស្រុងហើយក្នុងនោះផ្លូវមួយចំនួនទៀតកំពុងអនុវត្តព្រមគ្នា។
ចំណែកមន្ត្រីជំនាញឱ្យដឹងថា៖ ផ្លូវលេខ 108 BT បានដាក់លូរួចហើយកំពុងបន្តស្ថាបនាផ្លូវបេតុងលើផ្លូវ១០៨ដដែលនេះក្នុងរយះពេល១ខែកន្លះទៀត។ ជារួមការងារដាក់លូនិងធ្វើផ្លូវនៅតំបន់បឹងទំពន់នេះមានចំនួន៤ខែ ដោយប្រើពេល១ឆ្នាំកន្លះបានរួចរាល់ទាំងស្រុង។ការងារខាងលើនេះអនុវត្តដោយក្រុមហ៊ុន Precast Plantsដែលជាគម្រោងរបស់ថ្នាក់ជាតិ។
គួរបញ្ជាក់ថា៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេល៥ឆ្នាំ មានចំនួន៥០គម្រោង ចំពោះគម្រោងដែលត្រូវអនុវត្តមានចំនួន២៣គម្រោង។ កម្រោងរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងអនុវត្តចំនួន១៣គម្រោង ហើយគម្រោងដាក់លូប្រអប់លើផ្លូវលេខ 108 BT ទំហំ ៤ម៉ែត្រx២ម៉ែត្រនេះ ក៏ស្ថិតក្នុងគម្រោងនេះដែរ។
គួររំលឹកអភិបាលរាជធានីភ្នំពេញឯកឧត្ដមឃួង ស្រេង កាលពីថ្ងៃទី១១ កក្កដា២០២៤កន្លងមកនេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ពន្ធ័ចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយ៏បូមទឹកបឹងទំពន់ មើលការដ្ឋានដាក់លូប្រអប់លើផ្លូវលេខ 108 BTនេះ បន្តទៅមើលប្រឡាយស្ថានីយ៍លូប្រាំ ជាមួយនិងការពិនិត្យ វឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយនិងការស្តារប្រឡាយមេ ដែលស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំង១៣គម្រោង តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី៕