នៅសល់តែ ៣ខែទៀតប៉ុណ្ណោះ គម្រោងសាងសង់ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ នឹងត្រូវបានបញ្ចប់ និងត្រៀមដាក់ឱ្យដំណើរនៅពាក់កណ្តាល ឆ្នាំ២០២៥
ភ្នំពេញ៖គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ សម្រេចបានជាង ៨០% ដោយចំណាយទឹកប្រាក់សរុប អស់ចំនួនប្រមាណ ១២០០ លានដុល្លារ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅចុងឆ្នាំ២០២៤នេះ។ បើតាមការបញ្ជាក់របស់ឯកឧត្ដមស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាឱ្យដឹងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ឯកឧត្ដមបន្ថែមថា បន្ទាប់ពីបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៤ បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ នឹងដាក់សម្ពោធជាផ្លូវការនៅក្នុងពាក់កណ្តាល ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ គិតមកដល់ពេលនេះ បុគ្គលិកដែលកំពុងបំរើការ មានចំនួនសរុបប្រមាណ ១៥៤០០ នាក់ (ខ្មែរ ៩០%)។
ទន្ទឹមគ្នានេះ ឯកឧត្ដម ស៊ីន ចាន់សេរីវុត្ថា បានឱ្យដឹងផងដែរថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៤ អាកាសយានដ្ឋានទាំង៣ គឺភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង៣ម៉ឺនជើង កើនឡើងប្រមាណ ១៣% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣ និងទទួលបានអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៣លាននាក់ កើនឡើងប្រមាណ ២០%។ ចំណែកការដឹកជញ្ជូនទំនិញ ចេញ-ចូល (ទ្វេទិស) តាមផ្លូវអាកាសវិញ មានចំនួនជាង ៤២លានគីឡូក្រាម កើនឡើងប្រមាណ ៤៤%៕