សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពសម្តេច គង់ សំអុល
ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំសមាជិក សមាជិការាជរដ្ឋាភិបាល ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល។
សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញ សមាន ទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសម្តេច គង់ សំអុល ដែលកំពុងឃ្លាតចាកឆ្ងាយស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួតពោរពេញដោយព្រហ្មវិហារធម៌។
ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខ សម្តេចធិបតី បានចាត់ទុកមរណភាពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្ការ គង់ សំអុល គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គ ឧត្តមចំពោះ ភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រាបុត្រី ចៅៗ រួមនឹងញាតិ មិត្តជិតឆ្ងាយទាំងអស់ ពិសេស ជាការបាត់បង់ឥស្សរជនកម្ពុជាដ៏ឆ្នើមមួយរូបដែលគួរឱ្យគោរព ស្ញប់ស្ញែង បំផុត។
សម្តេចធិបតី បានគូសរំលេចផងដែរថា តាំងពីអតីតកាលរហូតរៀងមក សម្តេច គង់ សំអុល តែងបានបូជាកម្លាំងកាយ កម្លាំងប្រាជ្ញាស្មារតី និងការធ្វើពលិកម្ម គ្រប់បែបយ៉ាង ដើម្បីបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារដាច់ខាតនូវ រាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងលើកស្ទួយកិត្តិយស កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ»។
ក្នុងឱកាសអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនេះ សម្តេចធិបតី បានគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕