បើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែ ជូនប្រជាពលរដ្ឋភូមិត្រពាំងគរ និងភូមិពងទឹក សង្កាត់ពងទឹក
ភ្នំពេញ៖រដ្ឋបាលខណ្ឌដង្កោ បើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែជូនប្រជាពលរដ្ឋ ភូមិត្រពាំងគរ និងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋនៅតំបន់នោះ និងក្រៅតំបន់ទៅមកបានស្រួល។រដ្ឋបាលខណ្ឌដង្កោមួយរយៈកន្លងទៅនេះ បានប្រែក្លាយពីផ្លូវដីឬផ្លូវគ្រួសក្រហមទៅជាផ្លូវបេតុងថ្មីនជាបន្តបន្ទាប់នៅតាមបណ្ដាភូមិសង្កាត់នានាទូទាំងខណ្ឌ ដើម្បីបម្រើផលប្រយោជន៍និងសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋហើយក៏ជាការអភិវឌ្ឍមូលដ្ឋាន រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើននេះ។
ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ លោកនុត ពុធដារ៉ា ជំនួយការសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាអភបាលខណ្ឌដង្កោ បានអញ្ជើញជាអធិតីបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង៣៨៩ម៉ែត្រស្ថិតនៅក្នុងភូមិត្រពាំងគនិងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ។ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខណ្ឌ មន្រ្តីការិយាល័យ ជុំវិញខណ្ឌ អាជ្ញាធរសង្កាត់ពងទឹក រួមជាមួយប្រជាពលរដ្ឋជាច្រើនទៀតផងដែរ។
ក្នុងពិធីនោះលោកអភិបាលខណ្ឌដង្កោ បានមានប្រសាសន៍ថា៖កន្លងមកនេះសាលាខណ្ឌ រួមជាមួយអាជ្ញាធរសង្កាត់នានាមានការមមារញឹក ក្នុងការបើកការដ្ឋានស្ថាបនាផ្លូវ ដើម្បីបម្រើនិងសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ដោយឡែកនៅក្នុងសង្កាត់ពងទឹកកន្លងមកបានស្ថាបនាផ្លូវ រួចរាល់ចំនួន៧ខ្សែ មកហើយ ក្នុងនោះរួមមានផ្លូវបេតុងឆ្អឹងដែក ចំនួន៤ខ្សែមានប្រវែងសរុប២,៤០០ម៉ែត្រជាថវិកា របស់សាលារាជធានីភ្នំពេញ។ចំណែក៣ខ្សែទៀត មានប្រវែងសរុប១,៣៥៣ម៉ែត្រជាថវិការបស់សាលាខណ្ឌ រួមមានខ្សែទី១ជាផ្លូវបេតុងឆ្អឹងដែកប្រវែង៥១៥ម៉ែត្រទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតនៅក្នុងភូមិឃ្លះសណ្ដាយ សង្កាត់ពងទឹក។ខ្សែទី២ប្រវែង៤៦៨ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងខ្សែទី៣ប្រវែង៣៧០ម៉ែត្រ ទទឹង៤ម៉ែត្រកម្រាស់០,១៥ម៉ែត្រ ដែលផ្លូវទាំង២ខ្សែនេះ ស្ថិតនៅក្នុងភូមិពងទឹក។ដោយឡែកផ្លូវដែលត្រូវបើកការដ្ឋានស្ថាបនា នាពេលនេះ មានប្រវែង៣៨៩ម៉ែត្រទទឹង៤ម៉ែត្រ ស្ថិតនៅក្នុងភូមិត្រពាំងគ និងភូមិពងទឹកដែលភូមិទាំង២នេះ ស្ថិតនៅជាប់គ្នា។
ជាមួយគ្នានោះលោក នុត ពុធដារ៉ា បានថ្លែងអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីប្រើសិទ្ធិជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងរដ្ឋអធិបតេយ្យមួយនិងជាប្រទេស ដែលមានលទ្ធិប្រជាធិបតេយ្យ និងសុខសន្តិភាពពេញលេញ។ ជាងនេះទៀតក៏សូមឲ្យបងប្អូនទាំងអស់មានការយោគយល់ រាល់ផលប៉ពាល់ទាំងឡាយដែលកើតចេញពីការស្ថាបនាផ្លូវនេះ និងសូមជួយតាមដានគម្រោងនិងការអនុវត្តន៍ របស់ក្រុមហ៊ុនម៉ៅការធ្វើផ្លូវផងថាតើត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ហើយឬនៅ។ ជាពិសេសសូមបងប្អូន ជួយការពារបន្ទាប់ពីផ្លូវស្ថាបនារួច ដែលមុននិងប្រើប្រាស់បានទាល់តែគ្រប់អាយុ២៨ថ្ងៃ ទើបប្រើបានបើមិនដូច្នោះទេ និងធ្វើឲ្យផ្លូវឆាប់ខូចខាតទៅវិញ មិនអាចប្រើប្រាស់បានយូរអង្វែងបានឡើយ៕