ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូក្រុងសៀងហៃ បំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរលើទំនាក់ទំនងអន្តរជាតិ ការសាងសង់ទីក្រុង ការការពារបរិស្ថាន ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច

43

ភ្នំពេញ៖ជំនួបសម្តែងការគួរសមរវាងឯកឧត្ដមសេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញជាមួយគណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនក្រុង សៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកជំទាវ ចុង មីង (Ms. Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនក្រុងសៀងហៃ នាព្រឹកថ្ងៃទី០៣កញ្ញា២០២៤នេះ នៅសាលារាជធានីភ្នំពេញ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ ដោយពិភាក្សាការងារលើ ការទំនាក់ទំនងអន្តរជាតិ ការសាងសង់ទីក្រុង ការការពារបរិស្ថាន ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។
ឯកឧត្ដមសេង វណ្ណៈ ក្នុងឱកាសនោះបានលើកឡើងថា៖ រាជធានីភ្នំពេញស្ថិតនៅចំណុចប្រសព្វនៃទន្លេ ៤មុខ គិតមកទល់ពេលនេះ ទីក្រុងភ្នំពេញមានអាយុកាលជាង ៥៨៩ ឆ្នាំហើយ។រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលប្រមូលផ្តុំលើគ្រប់វិស័យ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ទេសចរណ៍ និងវិស័យការទូត មានផ្ទៃដីសរុបទំហំ ៦៩៥,២១៨ គីឡូម៉ែត្រក្រឡា មានប្រជាពលរដ្ឋប្រមាណ ៣.២លាន នាក់ ក្នុងនោះមានប្រជាជនរស់នៅអចិន្ត្រៃយ៍ ប្រមាណជា ២,២ លាននាក់ និងប្រជាជនស្នាក់នៅបម្រើការងារ ប្រមាណជា ១លាននាក់ក្នុងអត្រាកំណើន ៣,២% ក្នុងមួយឆ្នាំ និងមានដង់ស៊ីតេប្រមាណ ៣.២៩៥ នាក់ ក្នុង មួយគីឡូម៉ែត្រក្រឡា។
ឯកឧត្ដមបន្តថា៖ សេដ្ឋកិច្ចប្រទេសកម្ពុជាបានធ្លាក់ដល់ចំណុចសូន្យចាប់ពីឆ្នាំ៩៧៥ដល់១៩៧៩។ក្រោយការរំដោះប្រទេស និងក្រោមការដឹនាំរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើអោយប្រទេសដ៏ក្រីក្រមួយនេះ មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ពិសេសនាពេលបច្ចុប្បន្ននេះ កម្ពុជាសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន ប្រកបដោយឆន្ទៈ មោះមុត និងភាពស្វាហាប់ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់។
ឯកឧត្ដមអភិបាលរងបានបញ្ជាក់ថា៖ តាមរយៈកិច្ចសហប្រតិបត្តិការកន្លងមក ទីក្រុងសៀងហៃ បានផ្តល់អំណោយមករាជធានីភ្នំពេញជាច្រើន ដូចជាជាម៉ាស់ ជាថ្នាំពេទ្យ ថ្នាំសម្លាប់មេរោគនិងឧបករណ៍អុកស៊ីសែន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ ទីក្រុងសៀងហៃ និងរដ្ឋបាលរាជធានីភ្នំពេញ មានសកម្មភាពកិច្ចសហប្រតិបត្តិការភាគច្រើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ ដោយកន្លងមក រាជធានីភ្នំពេញបានទៅបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃ (០៥ លើក) ហើយទីក្រុងសៀង ហៃ បានមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញបានចំនួន៨លើក។
ឯកឧត្ដមសេង វណ្ណៈ បានបន្តទៀតថា ៖ ក្រោយជំនួបសម្តែងការគួរសមនេះ នឹងធ្វើអោយទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរកាន់តែប្រសើរឡើងមួយកំរិតថែមទៀត។
លោកជំទាវ ចុង មីង (Ms. Zong Ming) បានមានប្រសាសន៍លើកឡើងថា៖ ទីក្រុងសៀងហៃ មានទំហំផ្ទៃដី : ៦,៣៤១គ.ម២មានប្រជាជនជាង ២៤លាននាក់នៅក្នុងឆ្នាំ២០២៣ ជាតំបន់ទីប្រជុំជន ដែលមានប្រជាជនច្រើននៅប្រទេសចិន។ លើសពីនេះ សម្រាប់ផ្នែកសេដ្ឋកិច្ច គឺជាទីក្រុងតែមួយគត់នៅអាស៊ីបូព៌ាដែលមានផលិតផល ក្នុងស្រុកសរុប (GDP)ខ្ពស់ និងជាមជ្ឈមណ្ឌលសកលសម្រាប់វិស័យហិរញ្ញវត្ថុ សេដ្ឋកិច្ច ស្រាវជ្រាវ អប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ផលិតកម្ម ទេសចរណ៍ វប្បធម៌ និងដឹកជញ្ជូន ហើយកំពង់ផែ ទីក្រុងសៀងហៃគឺជាកំពង់ផែកុងតឺន័រដ៏មមាញឹកបំផុតនៅលើពិភពលោក។ ទីក្រុងសៀងហៃមានបណ្តាញរថភ្លើងក្រោមដីធំជាងគេបង្អស់ បើប្រៀបធៀបទៅទីក្រុងផ្សេងៗ លើពិភពលោក មានមហាសេដ្ឋីខ្ទង់ប៊ីលានច្រើនបំផុតទី៦ អគារខ្ពស់ៗច្រើនបំផុតទី៥ និងមាន ទិន្នផលស្រាវជ្រាវវិទ្យាសាស្ត្រធំបំផុតទី៥។ ទីក្រុងសៀងហៃមានស្ថាប័នអប់រំដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតផងដែរ។
លោកជំទាវ បន្តថា៖ ទំនាក់ទំនងប្រទេសចិននិងកម្ពុជាជាទំនាក់ទំនងមិត្តភាពដែកថែប។ អនុវត្តតាមប្រមុខនៃរដ្ឋាភិបាលទាំងពីរលើ ការកសាងជោគវាសនារួមចិននិងកម្ពុជា យើងនឹងអនុវត្តអោយចេញជាការពិត ដើម្បីជាឧត្ដមប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង