ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មីស៊ីលរុស្ស៊ីវាយប្រហារវិទ្យាស្ថានយោធានៅអ៊ុយក្រែន សម្លាប់មនុស្សជាង ៤០នាក់

51


កៀវ៖ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា មីស៊ីលរុស្ស៊ីពីរគ្រាប់បានវាយប្រហារវិទ្យាស្ថានយោធាមួយក្នុងទីក្រុង Poltava ភាគកណ្តាលប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤១ នាក់ស្លាប់ និង ១៨០ នាក់រងរបួស។ ការវាយប្រហារនេះត្រូវបានចាត់ទុកថាជាការវាយប្រហារដ៏សាហាវបំផុតមួយក្នុងសង្គ្រាមរហូតមកដល់ពេលនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ ២០២៤។
លោក Zelensky បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ដោយចាត់ទុកថាវាជាអំពើភេរវកម្ម និងបានប្តេជ្ញាចាត់វិធានការឆ្លើយតប។ លោក ក៏ បាន បញ្ជា ឲ្យ មាន ការ ស៊ើប អង្កេត យ៉ាង ពេញលេញ និង រហ័ស ផង ដែរ។
ការវាយប្រហារនេះកើតឡើងនៅចំពេលមានភាពតានតឹងកើនឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន។ ភាគីទាំងពីរបានបង្កើនការវាយប្រហារគ្នាទៅវិញទៅមកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ អ៊ុយក្រែនក៏បានកំណត់គោលដៅរុស្ស៊ីជាមួយនឹងយន្តហោះគ្មានមនុស្សបើកជាង ១៥៨គ្រឿងកាលពីចុងសប្តាហ៍ ដោយបានបំផ្លាញរោងចក្រចម្រាញ់ប្រេងនៅជិតទីក្រុងម៉ូស្គូ និងស្ថានីយ៍ថាមពល។
លោក Zelenskiy បានអំពាវនាវម្តងទៀតឱ្យលោកខាងលិចផ្តល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែន រួមទាំងប្រព័ន្ធការពារដែនអាកាស និងអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ លោកបានសង្កត់ធ្ងន់ថា ការពន្យារពេលក្នុងការផ្តល់ជំនួយទាំងនេះ នាំឱ្យមានការបាត់បង់ជីវិតបន្ថែមទៀត។
នៅទីក្រុង Poltava អាជ្ញាធរមូលដ្ឋានបានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ ខណៈដែលប្រជាជនកំពុងបរិច្ចាគឈាមដើម្បីជួយដល់អ្នករងរបួស។ ការវាយប្រហារនេះបានបង្កឱ្យមានការសោកស្តាយ និងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយចាត់ទុកថាវាជាឧក្រិដ្ឋកម្មសង្គ្រាម។
គួរបញ្ជាក់ថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តក្នុងភាពសាហាវឃោរឃៅ ដោយបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនអ៊ុយក្រែន។ សហគមន៍អន្តរជាតិបានអំពាវនាវឱ្យមានការបញ្ចប់អំពើហិង្សា និងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះ៕

អត្ថបទដែលជាប់ទាក់ទង