ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមនេត្រ ភក្រ្តា ៖ ការពង្រឹងសន្តិសុខព័ត៌មាន សម្រាប់អ្នកប្រើប្រាស់ ជាការងារអាទិភាព សម្រាប់តំបន់ទាំងមូល ក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ

52


ម៉ាឡេស៉ី៖ឯកឧត្ដមនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមប្រទេសជាសមាជិក AIBD និងបណ្តាប្រទេសនានាដែលបានចូលរួម ក្នុងការពង្រឹងសនិ្តសុខ និងសណ្តាប់ធ្នាប់ព័ត៌មាន ដើម្បីបង្កើនភាពធន់ និងការជឿទុកចិត្តរបស់សាធារណជន ដោយគួរចាត់ទុកជាការងារនេះជាការងារអាទិភាព នៅក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។
ការសង្កត់ធ្ងន់ក្នុងការពង្រឹងសនិ្តសុខ និងសណ្តាប់ធ្នាប់ព័ត៌មាន របស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានធ្វើឡើងនភក្នុងពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ ដែលរៀបចំឡើងដោយវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ជាមួយគ្នានេះដែរឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ក៏បានលើកឡើង ពី បញ្ហា ប្រឈម និងផលវិបាកនានាដែលកើតចេញពី ការផ្សព្វផ្សាយព័ត៌មាន មិន ពិត ឬព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គម និងបានអំពាវនាវដល់តំណាងបណ្តាប្រទេសសមាជិកដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះចូលរួមសហការគ្នាក្នុងសំឡេងតែមួយ ដើម្បីពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលផ្តួចផ្តើមគំនិតដោយប្រទេសកម្ពុជា និងគ្រោងនឹងចាប់ផ្តើមជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ។
ឯកឧត្ដមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទៅដល់តំណាងរដ្ឋាភិបាល អង្គទូត និងអ្នកចូលរួមពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អឺរ៉ុប ដែលមានវត្តមានក្នុងពិធីបើកនេះ ដោយបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងគណៈកម្មការត្រួតពិនិត្យព័ត៌មានក្លែងក្លាយ និងការប្រកាសដាក់ឱ្យអនុវត្តន៍ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ក្នុងគោលបំណងកំណត់ស្តង់ដារសីលធម៌សម្រាប់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ដើម្បីគាំទ្រដល់សេរីភាពសារព័ត៌មាន និងធានានូវគណនេយ្យភាពនិងគុណភាពនៃព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ។
គួរបញ្ជាក់ថា អំឡុងពេលនៃពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ និងមហាសន្និបាតលើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដមមន្ត្រីក្រសួងព័ត៌មាន ក៏បានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលនៅពេលនោះ គំនិតផ្តួចផ្តើមនេះបានទទួលនូវការសាទរ និងមានការបង្ហាញនូវជំហរគាំទ្រជាច្រើនចំពោះកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង