ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួង ស្រេង ដឹកនាំប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

65


ភ្នំពេញ​ ៖នាព្រឹកថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២៤ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដឹកនាំដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
កាលពីថ្ងៃទី២កញ្ញាឯកឧត្ដមឃួង ស្រេង បានផ្ញើរសារលិខិតរំលែកមរណទុក្ខ សូមគោរពជូន លោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧក៉ញា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី។
សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។
លោកជំទាវឧកញ៉ាធម្មាមង្គលមុនី ជាទីគោរពដ៏ខ្ពង់ខ្ពស់!ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នាមានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តី ក្រៀមក្រំបំផុត ចំពោះការទទួលមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា ដែលបានទទួលអនិច្ចកម្ម កាលពីវេលាម៉ោង ៨:៣៥ នាទីព្រឹក នាថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។
ស្ថិតក្នុងក្តីវិយោគដ៏សែនសោកសង្រេងខ្សឹកខ្សួលរំជួលចិត្តឥតឧបមានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពចូលរួម រំលែកទុក្ខ ប្រកបដោយក្តីក្ដុកក្ដួលជាទីបំផុតជូនចំពោះ លោកជំទាវឧកញ៉ាធម្មាមង្គល់មុនី និងក្រុមគ្រួសារ ក្នុងសេចក្តី ស្រណោះអាឡោះអាល័យយ៉ាងក្រៃលែង ចំពោះការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា និងជាការបាត់បង់នូវញាតិមិត្តដ៏ឧត្តុង្គឧត្តមបំផុតនៃក្រុមគ្រួសារ។
សម្តេចចៅហ្វាវាំង វរភ្លៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាមន្ត្រីរៀមច្បង និងជាឥស្សរជនជាន់ខ្ពស់ ដ៏ឆ្នើម ដែលស្ទើរពេញមួយជីវិតបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី បម្រើយ៉ាងស្មោះស្ម័គ្របំផុតក្នុងបុព្វហេតុ “ជាតិ សាសនា ព្រះមហាក្សត្រ” រួមចំណែកយ៉ាងធំធេងលើការងារសង្គម និងកិច្ចការមនុស្សធម៌ ព្រមទាំងបានចូលរួម បង្កើតសមិទ្ធផល និងស្នាដៃជាច្រើនបន្សល់ទុកជាប្រយោជន៍ដល់សង្គមជាតិ ជាពិសេសការដឹកនាំក្រសួងព្រះបរមរាជវាំង សម្រេចបានជោគជ័យដ៏ត្រចះត្រចង់លើកិច្ចការជាតិ និងអន្តរជាតិថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ យើងខ្ញុំទាំងអស់គ្នា សូមគោរពចូលរួមរំលែកទុក្ខដោយសេចក្តីសង្វេគជាទីបំផុត និងសូមវន្ទាឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ សម្តេចចៅហ្វាវាំង វរច្រៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវឧកញ៉ាធម្មាមង្គលមុនី មេត្តាទទួលនូវមនោសញ្ចេតនារំលែកទុក្ខដោយសេចក្តីក្រៀមក្រំ បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង