ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គីម ជុងអ៊ុន បញ្ជាឱ្យប្រហារជីវិតមន្ត្រីប្រមាណ៣០នាក់ ក្រោយគ្រោះទឹកជំនន់

57


សេអ៊ូល៖ប្រព័ន្ធផ្សព្វផ្សាយមួយរបស់កូរ៉េខាងត្បូង កាលពីថ្ងៃពុធ ទី៤ ខែកញ្ញា បានរាយការណ៍ថាកូរ៉េខាងជើងបានប្រហារជីវិតមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ ក្រោយគ្រោះទឹកជំនន់ ដ៏ធ្ងន់ធ្ងរមួយកាលពីខែកក្កដាកន្លងទៅ បានសម្លាប់មនុស្សរាប់ពាន់នាក់ នៅឯតំបន់ភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។
ទូរទស្សន៍ TV Chosun ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីកូរ៉េខាងត្បូងម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាមន្ត្រីកូរ៉េខាងជើងប្រហែលពី ២០ ទៅ៣០នាក់ ទទួលខុសត្រូវនៅក្នុងតំបន់រងគ្រោះដោយសារទឹកជំនន់ ត្រូវបានប្រហារជីវិតដោយការបាញ់សម្លាប់កាលពីខែសីហាកន្លងទៅនេះ។ តាមទូរទស្សន៍នេះដដែល ទឹកជំនន់ដ៏ប្រល័យទំនង ជាបានសម្លាប់មនុស្សរាប់ពាន់នាក់ នៅក្នុងខេត្ត Jagang របស់កូរ៉េខាងជើងដែលរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរជាងគេ។ ខាងចារកម្ម និងក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង មិនបានធ្វើអត្ថាធិប្បាយអ្វីលម្អិតទេ គ្រាន់តែបញ្ជាក់ថាខ្លួនកំពុងតាមដានស្ថានការណ៍។
គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងនៅឯកិច្ចប្រជុំបន្ទាន់មួយរបស់បក្ស កាលពីចុងខែកក្កដាថាលោកនឹងដាក់ទោសឱ្យធ្ងន់ធ្ងរចំពោះមន្ត្រីណាដែល បានធ្វេសប្រហែស ក្នុងការបំពេញភារកិច្ចនាំឱ្យមានអ្នកស្លាប់ ឬរងរបួសនៅក្នុងគ្រោះទឹកជំនន់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចេញផ្សាយរូបភាពរបស់លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យដោយផ្ទាល់លើប្រតិបត្តិការជួយសង្រ្គោះ តែមិនបានរាយការណ៍ថាមានអ្នកស្លាប់នោះទេ ខណៈមនុស្សជាង ៥០០០នាក់ត្រូវបានជួយសង្រ្គោះ និងផ្ទះ ៤១០០ខ្នង រងការខូចខាត ហើយផ្ទៃដីដាំដុះជាច្រើនហិកតាបានជន់លិច៕

អត្ថបទដែលជាប់ទាក់ទង