ពិធីប្រកាសចូលកាន់មុខតំណែងរបស់លោកស្រីស្រ៊ុន ស្រីនាង ជាអភិបាលរងខេត្តកណ្ដាល
ភ្នំពេញ៖នាព្រឹកថ្ងៃទី៥កញ្ញា២០២៤នៅសាលាខេត្តកណ្ដាលមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងរបស់លោកស្រីស្រ៊ុន ស្រីនាង ជាអភិបាលរងនៃ គណៈអភិបាលខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
គួរបញ្ជាក់ថា៖ថ្មីៗនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោកជំទាវស្រ៊ុន ស្រីនាង វរមន្ដ្រីថ្នាក់លេខ១ ឲ្យកាន់តំណែងជាអភិបាលរងខេត្តកណ្ដាល។ នេះបើតាមអនុក្រឹត្យដែលទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា៖លោកស្រី ស្រ៊ុន ស្រីនាង ជាអតីតនាយករងរដ្ឋបាល ខេត្តព្រះសីហនុ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល។
ឯកឧត្ដមគួច ចំរើន អភិបាកខេត្តកណ្ដាលបានថ្លែងថា៖ថ្ងៃនេះ តាងនាមឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែង នូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តម អ៊ុំ ម៉ារ៉ា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលបានចំណាយ ពេលវេលាដ៏មមាញឹកអញ្ជើញចូលរួមក្នុង ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃ គណៈអភិបាលខេត្តកណ្តាល នាឱកាសដ៏វិសេសវិសាលនេះ ស្របពេលដែលបងប្អូន ជនរួមជាតិ នៅគ្រប់ទិសទី ប្រកាសគាំទ្រយ៉ាងពេញទំហឹងលើ គម្រោងព្រែកជីកហ្វូណនតេជោ ដែលកើតចេញពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរៈកុលបុត្រខ្មែរ ក្នុងមនសិកា និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធដែលនឹងផ្តល់ផលចំណេញ យ៉ាងធំធេងដល់កម្ពុជា ជាពិសេសនឹងជួយកម្ពុជាពង្រឹងនូវឯករាជ្យខាងនយោបាយដឹកជញ្ជូន តាមផ្លូវទឹក។ យើងខ្ញុំទាំងអស់គ្នា ទាំងនៅទីនេះ និងប្រជាជនទូទាំងខេត្តកណ្តាល សូមប្រកាស គាំទ្រយ៉ាងពេញទំហឹងនូវ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណ CLV-DTA និងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែន ដែលកំពុងមានការចូលរួមយ៉ាងផុលផុសពីគ្រប់ មជ្ឈដ្ឋានប្រជាពលរដទាំងកង និងក្រៅប្រទេស។
ឯកឧត្ដមគួច ចំរើន បានមានប្រសាសន៌សូមស្វាគមន៍ និងអបអរសាទរយ៉ាង កក់ក្តៅចំពោះ លោកស្រី ស្រ៊ុន ស្រីនាង ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត និងតែងតាំងជា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ដើម្បីចូលរួមចំណែកដឹកនាំរដ្ឋបាលខេត្តកណ្តាល ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ ឯកឧត្ដមបានគាំទ្រ និងលើកទឹកចិត្តដល់ លោកស្រី ស្រ៊ុន ស្រីនាង ត្រូវយកចិត្តទុកដាក់បន្ថែមទៀត អនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម ការអភិវឌ្ឍ និងពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវ អភិក្រម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។
ក្នុងស្មារតីនេះ ឯកឧត្ដមសូមស្នើដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្ថាប័នតុលាការ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ កងកម្លាំងប្រដាប់អាវុធ សូមផ្តល់ការគាំទ្រដល់អភិបាលរងខេត្តថ្មី ក្នុងការចូលរួមបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍខេត្ត និងការបម្រើសេវាសាធារណៈ ឱ្យកាន់តែមានការរីកចម្រើនជាបន្តទៀត។
ជាមួយគ្នានេះ ឯកឧត្ដម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសង្ឃឹមយ៉ាងមុតមាំថា លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តថ្មី ដែលទទួលបានការតែងតាំងនាឱកាសនេះ នឹងប្រើប្រាស់នូវចំណេះដឹង ជំនាញ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៍ការងារ រួមសាមគ្គីជាធ្លុងមួយ ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ក្នុងការបង្កើតស្នាដៃ សមិទ្ធផលថ្មីៗ ជួយកសាងអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។
ឯកឧត្ដម អ៊ុំ ម៉ារ៉ា បានផ្ដាំផ្ញើលោកស្រីអភិបាលរងខេត្តថ្មី ត្រូវខិតខំបំពេញតួនាទីភារកិច្ច ដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងឱកាសនោះ លោកក៏បានស្នើសុំឲ្យប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គាភាពទាំងអស់ សូមចូលរួមសហការជាមួយអភិបាលរងខេត្តថ្មី ដើម្បីរួមគ្នាកែលម្អ កែតម្រូវទៅតាមតម្រូវការក្នុងការចូលរួមបំពេញការងារ ជំរុញការកែលម្អសេវាសាធារណនៅតាមមូលដ្ឋាន ជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។
ក្នុងឱកាសប្រកាសតែងតាំងនោះលោកស្រី ស្រ៊ុន ស្រីនាងបានមានប្រសារន៌ថាថ្ងៃនេះ នាងខ្ញុំពិតជាមានក្តីរំភើបរីករាយឥតឧបមា និងមានកិត្តិយសដ៏ឧត្តុង្គឧត្តមចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមជា – អធិបតី ក្នុង “ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល” នាពេលនេះ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល និងប្រពៃថ្លៃថ្លានេះផងដែរ ល៩កស្រីស្រ៊ុន ស្រីនាង បានសូមសំដែងនូវគារវកិច្ច និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ដែលបានផ្តល់សេចក្តីទុកចិត្ត និងការជឿជាក់តែងតាំង និងប្រគល់ភារកិច្ចដល់រូបនាងខ្ញុំ ជា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ដែលជាខេត្តដ៏មានសក្តានុពលលើគ្រប់វិស័យ។
លោកស្រីស្រ៊ុន ស្រីនាងបានបន្តថា៖ឈរលើមូលដ្ឋានការងារ និងបទពិសោធ ផ្នែករដ្ឋបាល ទំនាក់ទំនងអន្តរជាតិការងារផ្តល់សេវាសាធារណៈ និងការងារសហគមន៍ ទាំងនៅសាលារាជធានីភ្នំពេញស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉ និងសាលាខេត្តព្រះសីហនុដោយឆ្លងកាត់ការតម្រង់ទិស ការណែនាំ និងការបណ្តុះបណ្តាលយ៉ាងច្រើនពីសំណាក់ ឯកឧត្តម គួច ចំរើន និងឯកឧត្ដម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ថ្ងៃនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុំ ម៉ារ៉រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានអង្គពិធីទាំងមូលជាសាក្សី ដើម្បីជាសក្ខីភាពឆ្លើយតបទៅនឹងការផ្តល់នូវការគាំទ្រ និងជំនឿជាក់ ពី សម្ដេចមហាបវរ
ធិបតីនាយករដ្ឋមន្តី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងថ្នាក់ដឹកនាំខេត្ត។
ក្នុងឱកាសនោះដែរលោកស្រី ស្រ៊ុន ស្រីនាងបានធ្វើការប្តេជ្ញាចិត្តក្នុងការបំពេញតួនាទីថ្មីនេះ ដូចខាងក្រោម៖១. ប្តេជ្ញាការពារឱ្យខាងតែបាននូវគុណតម្លៃសន្តិភាព និងស្ថេរភាពនយោបាយដោយខិតខំអនុវត្តឱ្យបានម៉ឹងម៉ាត់នូវ រដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងតាមគោលការណ៍ណែនាំនានារបស់ រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
២. ប្តេជ្ញាគោរពគាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោម ការដឹកនាំប្រកបដោយថាមវ័ន ស្វាហាប់ ឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា។
៣. ប្តេជ្ញាបន្តប្រកាន់ខ្ជាប់ខ្ជួននូវគុណសម្បត្តិរបស់មន្ត្រីរាជការ គឺឆន្ទៈម្ចាស់ការភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។
៤. ប្តេជ្ញាធ្វើជាសេនាធិការបម្រើជូនរដ្ឋបាលខេត្ត និងប្រជាជន ដើម្បីរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព សាមគ្គីភាព-ឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំបំពេញភារកិច្ច បម្រើសេវាសា
ធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព គណនេយ្យភាព តម្លាភាពប្រសិទ្ធភាព និងបរិយាប័ន្ន។
៥. ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហការស្អិតរមួតជាមួយក្រសួង ស្ថាប័ន កងកម្លាំង
ប្រដាប់អាវុធ បណ្តាមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធនានា ដៃគូអភិវឌ្ឍ អង្គការ
សមាគម និងវិស័យឯកជន ដើម្បីលើកកម្ពស់កិត្យានុភាព និងឧត្តមានុភាព៕