សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិធានការទប់ស្កាត់ការបង្កអសន្តិសុខ នៅថ្ងៃទី១៨ ខែសីហា គឺជាកិច្ចការពារសិទ្ធិជូនពលរដ្ឋ
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា វិធានការទប់ស្កាត់ការបង្កអសន្តិសុខ នៅថ្ងៃទី១៨ ខែសីហា គឺជាកិច្ចការពារសិទ្ធិជូនពលរដ្ឋ ដែលត្រូវការស្ថិរភាពសង្គម ដើម្បីរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។ បើតាមប្រសាសន៍សម្តេចធិបតី នៅថ្ងៃទី១៨ ខែសីហា មានពលរដ្ឋមួយចំនួនធ្វើដំណើរចេញក្រៅក្រុង ព្រោះបារម្ភពីបញ្ហាអសន្តិសុខ។
ថ្លែងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូនសិស្សមេធាវី នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ដើម្បីទប់ស្កាត់ការបង្កអសន្តិសុខព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា មានមនុស្ស ៦៦នាក់ ត្រូវបានឃាត់ខ្លួន។ ក្នុងនោះ មានមនុស្ស ៥៧នាក់ ត្រូវបានណែនាំ និងដោះលែងទៅវិញ ខណៈ ៩នាក់ផ្សេងទៀត ត្រូវបានកសាងសំណុំរឿងបន្តនីតិវិធី។
ការថ្លែងរបស់សម្តេចធិបតី ក៏បានធ្វើឡើងបន្ទាប់ពីសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ចេញសេចក្តីថ្លែងការណ៍ ដែលគ្មានមូលដ្ឋាន ខុសពីការពិត និងមានលក្ខណៈនយោបាយ ករណីឃាត់ខ្លួនមនុស្សពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ១៨ សីហា។
ករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រតិកម្មទៅនឹងក្រុមសិទ្ធិមនុស្សថា ពេលក្រុមបាតុកររៀបចំធ្វើសកម្មភាពខុសច្បាប់ និងបង្កអសន្តិសុខ ក្រុមសិទ្ធិមនុស្សអត់ចេញមកណែនាំនោះទេ ដល់ពេលសមត្ថកិច្ចចាត់វិធានការច្បាប់ បែរជាប្រតិកម្ម សមត្ថកិច្ចអ្នកខុសទៅវិញ។
សម្តេចធិបតី បានអះអាងថា វិធានការទប់ស្កាត់ការបង្កអសន្តិសុខថ្ងៃទី១៨ ខែសីហា គឺជាកិច្ចការពាររដ្ឋធម្មនុញ្ញ។ រាជរដ្ឋាភិបាល មិនអាចឲ្យមនុស្សមួយក្តាប់តូចបំផ្លាញសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលបានប្រើសិទ្ធិតាមរយៈការបោះឆ្នោតនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «នេះហើយជាការអនុវត្តវិធានការច្បាប់របស់យើង បានត្រឹមត្រូវ ហើយបានទប់ស្ថានភាពមិនឲ្យកើតឡើង។ ការអនុវត្តច្បាប់ ដើម្បីធានានូវសិទ្ធិប្រជាពលរដ្ឋមួយចំនួន ក្នុងការបញ្ចេញមតិ តែមិនឲ្យជ្រុលហួស ទៅដល់សិទ្ធិរបស់សង្គម និងរបស់ប្រជាពលរដ្ឋដទៃទេ តាមរយៈការធ្វើសកម្មភាពលើសព្រំដែនច្បាប់ ដូចជា គ្រោងធ្វើបាតុកម្មហិង្សា ត្រៀមសម្ភារៈ ដើម្បីប្រមូលមនុស្សវាយប្រហារ ធ្វើសកម្មភាពយ៉ាងណា ដើម្បីឲ្យសេដ្ឋកិច្ចដាំក្បាលចុះ ដើម្បីឲ្យប្រជាជនកាន់តែលំបាក មិនបាច់ធ្វើអ្វីទេ»។
សម្តេចធិបតី បានបន្តថា «អីចឹង សកម្មភាពនេះ គឺយើងបានធ្វើ។ សំណួរសួរថា តើរាជរដ្ឋាភិបាលយើង (ដើម្បីអ្វី)? យើងអនុវត្តបែបនេះ ការពារសិទ្ធិប្រជាពលរដ្ឋទាំងមូល មួយទៀត ដែលយើងអនុវត្តច្បាប់នេះ ដើម្បីការពាររដ្ឋធម្មនុញ្ញ និងការពារអ្នកបោះឆ្នោត។ រដ្ឋធម្មនុញ្ញ ធានា ៥ឆ្នាំម្តងបោះឆ្នោត ដើម្បីមានស្ថិរភាព មានលំនឹង ដោះស្រាយបញ្ហា»។
សូមជម្រាបថា គម្រោងបាតុកម្ម ត្រូវបានរៀបចំដោយក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដោយពួកគេបំភ្លៃថា កិច្ចសហការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម គឺជាការកាត់ដីឲ្យប្រទេសវៀតណាម។ ក្នុងនោះ មេដឹកនាំបាតុកម្មម្នាក់ នៅក្នុងប្រទេសជប៉ុន ឈ្មោះ ហៃ វណ្ណា បានយកឱកាសនេះ និយាយញុះញង់ និងប៉ុនប៉ងបង្កការផ្តួលរំលំ ការដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នទៀតផង។
បុគ្គលរូបនេះបាននិយាយថា បើសេដ្ឋកិច្ចស្រុកខ្មែរដាំក្បាលចុះ នឹងមិនប៉ះពាល់ប្រជាពលរដ្ឋខ្មែរទេ ហើយបានអំពាវនាវក្រុមសកម្មជនប្រឆាំងនៅក្នុងប្រទេសកម្ពុជា រិះរកវិធីសាស្ត្រ ធ្វើយ៉ាងណា ដុតសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការហួសចិត្តចំពោះ លោក ហៃ វណ្ណា ដែលបានប្រកាសជំរុញឱ្យពលរដ្ឋបង្កការចលាចលក្នុងស្រុក ធ្វើឱ្យសេដ្ឋកិច្ចខ្មែរដួលរលំ។ សម្តេចធិបតី បានថ្លែងថា ពលរដ្ឋខ្មែរភាគច្រើនបានកង្វល់ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ប៉ុន្តែមិនចង់ឲ្យមានការបែកបាក់ជាតិនោះឡើយ តែផ្ទុយទៅវិញ មនុស្សមួយក្តាប់តូចបានយកព្រឹត្តិការណ៍នេះ ទៅបម្រើបំណងផ្តួលរលំរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋភាគច្រើន ដែលមិនចូលរួមសកម្មភាពជ្រុលនិយមជាមួយក្រុមប្រឆាំងបំផ្លាញប្រទេសជាតិ៕