ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក លើកទី២៥

65


សេអ៊ូល៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៥៖២០នាទី (ម៉ោងនៅរដ្ឋធានីសេអ៊ូល) ត្រូវនឹងម៉ោង១៣និង២០នាទី ម៉ោងនៅរាជធានីភ្នំពេញ ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) លើកទី២៥ ក្រោមមូលបទ មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Jounney Towards Coexistence) នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
យន្តហោះពិសេសរបស់កម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើការចុះចតអាកាសយានដ្ឋានទ័ពអាកាសសេអ៊ូល ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីថ្នាក់ដឹកនាំរដ្ឋសភាកូរ៉េ ថ្នាក់ដឹកនាំនៃវេទិកា ចំណេះដឹងពិភពលោក និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជាច្រើនរូប។
សូមជម្រាបថា តបតាម ការអញ្ជើញរបស់ស្ថាបនិក នៃវេទិកា ចំណេះដឹងពិភពលោក សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាក់ចេញពីកម្ពុជា ដើម្បីទៅចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)» ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗ ផ្សេងទៀត នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ សំខាន់ៗ របស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្នុងឱកាសចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥នេះ សម្តេចតេជោ នឹង អញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន»។
វេទិកានេះនឹងមានអ្នកចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងស៊ីនឆន់ សម្តេចតេជោ នឹងមានជំនួបការងារជាមួយ ថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េ រួមមាន ប្រធានាធិបតី និងប្រធានសភា និងទទួលជួប តំណាង ក្រុមហ៊ុនធំៗរបស់សាធារណរដ្ឋកូរ៉េផងដែរ។
សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ខេត្តឃុងសាងបុកដូ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដែលរៀបចំដោយសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ និងផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី «បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» ពីប្រទេសដែលហែកហួរដោយសង្គ្រាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគា្ន (សហត្ថិភាព) និងការអត់ឱន។
ជាមួយគ្នានេះ សម្តេចតេជោ និងគណៈប្រតិភូនឹងអញ្ជើញទស្សនាតំបន់ទេសចរណ៍ «បូមុន» និងមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ពិភពលោកស្យុងយូ នៅក្នុងខេត្តឡុងសាង បុកដូ។ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ប្រធានព្រឹទ្ធសភានឹងធ្វើមាតុភូមិនិវត្តន៍ នៅវេលាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង