ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើមឈើគ្រញូងប្រណិតជាច្រើនប្រភេទ លាតសន្ធឹងលើផ្ទៃដីទំហំ១៨៨៨ហិកតា កំពុងរង់ចាំស្វាគមន៍អ្នកទេសចរណ៌ចូលទស្សនា នៅស្រុកបន្ទាយស្រី

44

សៀមរាប៖ ចម្ការឈើក្រញ៉ូង ប្រណិត ពោរពេញដោយពូជឈើគ្រញូង និងពូជឈើប្រណិតជាច្រើនប្រភេទ លាតសន្ធឹងលើផ្ទៃដីទំហំ ១ ៨៨៨ហិកតា កំពុងរង់ចាំស្វាគមន៍អ្នកទេសចរណ៌ចូលទស្សនា និងឈ្វេងយល់ពីពូជឈើប្រណិតស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សម្រាប់ ចម្ការដ៏ប្រណិតមួយនេះដែរ កំពុងស្ថិតនៅក្រោមការការពារ និង អភិរក្សដោយយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប។
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាចម្ការនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០១ រហូតមកទល់ពេលនេះ ចម្ការពូជឈើគ្រញូង និងពូជឈើប្រណិតជាច្រើនប្រភេទនៃសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ លាតសន្ធឹងលើផ្ទៃដីទំហំ ១ ៨៨៨ហិកតា ដែលកំពុងរង់ចាំទទួលស្វាគមន៍អ្នកទេសចរ ទៅទស្សនាកម្សាន្ត និងឈ្វេងយល់អំពីពូជឈើប្រណិតដែលកំពុងមានវត្តមាននៅទីនោះ។
នៅចម្ការពូជឈើគ្រញូងនេះ ក៏មានផងដែរនូវ សួនអនុស្សាវរីយ៍ «ទេសចរម្នាក់ ដើមឈើមួយដើម» ដែលទទួលស្វាគមន៍អ្នកទេសចរ ចូលរួមដាំដើមឈើប្រណិតដោយផ្ទាល់ដៃ ហើយរដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ ក៏នឹងរៀបចំស្លាកឈ្មោះទុកជូនជាអនុស្សាវរីយ៍ផងដែរ។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត សៀមរាប បានលើកឡើងថា៖ដើមឈើមានគុណប្រយោជន៍តាំតែពីកើតរហូតដល់យើងស្លាប់ទៅវិញ។ជាមួយគ្នាដើមឈើជាអាយុជីវិតរបស់យើងវាបានផ្តល់នូវអុកស៊ីសែន ស្រូបយកឧស្ម័នកាបូនិក ឬសឈើអាចយកទៅធ្វើជាឱសថ ឈើយកទៅធ្វើផ្ទះសម្បែងតាំងតែពី ការ បុណ្យទាន រហូតដល់យើងស្លាប់ទៅវិញក៏នៅតែប្រើប្រាស់ឈើដែរ។
លោកបានបញ្ជាក់ប្រាប់ថា”ដោយសារយើងមានសក្តានុពលទៅលើដើមគ្រញូងធម្មជាតិ ដែលកាលដំបូងឡើយយើងបានធ្វើការភ្ជួររាស់លើផ្ទៃដី ៥០ហិកតា។កាលនោះបានដើមពូជមេមានចំនួន៥៧២ដើម។ក្រៅអំពីដើមពូជឈើគ្រញូងនេះក៏យើងមានដើមឈើពូជជាច្រើនប្រភេទទៀតដែលដុះនៅតំបន់នេះ សុទ្ធជាសក្តានុពល ដោយយើងអាចធ្វើការចែកគ្រាប់ពូជ ដល់ពលរដ្ឋ មានដូចជាថៃសាន បេង ធ្នុង ស្រឡៅ។ក្រៅពីនេះយើងមានឈើប្រភេទលេខ៣ ឈើប្រភេទលេខ២ និងឈើប្រភេទបន្តបន្ទាប់ទៀត។
លោកបានបញ្ជាក់បន្ថែមថា”យើងមានដើមឈើធំៗដូចជាកកោះ យើងមានគ្រាប់កកោះ គគីយើងមានគ្រាប់គគីពពេលយើងមានពពេល។អញ្ចឹងមានន័យថានៅចម្ការឈើគ្រូញូងទំហំ ១ ៨៨៨ហិកតា យើងមិនមែនពឹងផ្អែកលើឈើគ្រញូងមួយមុខទេ។យើងមានដើមគ្រញូងនេះក៏មានការព្រួយបារម្ភដោយសារតែឈើធំៗអស់ហើយ ពេលដែលធ្វេសប្រហែសមួយភ្លែត យើងនឹងទទួលរងការកាប់បំផ្លាញ បាត់បង់អស់ ជាពិសេសពេលយប់ ពេលភ្លៀង ពេលដែលមានបុណ្យទាន សុទ្ធតែជាពេលដែលត្រូវប្រុងប្រយ័ត្ន។កន្លងមកក៏មានខ្យល់ព្យុះដួលរលំ មានអ្នកចូលលួច មានអ្នកបរបាញ់សត្វ តែក៏យើងមានក៏មានឆន្ទះក្នុងការការពារ។យើងដាក់កាម៉ារា ប៉ុន្តែជនល្មើសបានវាយកាម៉ារាបំផ្លាញ ហើយក៏បានសហការជាមួយតុលាការបានចាប់ជនដែលបានប្រព្រឹត្តិបទល្មើសចូលលួច ចូលបរបាញ់សត្វនេះយកទៅផ្តន្ទាទោសមួយចំនួនធំរួចមកហើយ។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានឱ្យដឹងដែរថា៖”យើងមានវិធានការ ដោយបានយកកម្លាំងទាហានពីភូមិភាគ៤ មកជួយការពារដាក់តាមគោលដៅ ចំណុចសំខាន់ៗ។មួយវិញទៀតយើងនឹងដាក់កាម៉ារាបន្ថែម និងថ្មីៗនេះយើងនឹងមានផែនការមួយទៀតឈូសឆាតតាមផ្លូវ ព័ទ្ធជុំវិញប្រឡាយទឹក ,ផ្លូវក្រវ៉ាត់ ដែលមានសុវត្តិភាពអាចបើករថយន្ត ឬម៉ូតូជិះទាំងពេលយប់ និងថ្ងៃ។ក្រៅពីនេះយើងបានរៀបចំប៉មចំណុចសំខាន់ៗចំនួន៣ដើម្បីឱ្យអ្នកយាមគាត់ឈរមើលលើប៉មឃើញជនល្មើសទាំងពេលយប់និងពេលថ្ងៃ”។
សូមបញ្ជាក់ថាចម្ការប្រណិតឈើគ្រញូងនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ រហូតដល់ឆ្នាំ២០២៤។ដំបូងឡើយដាំលើផ្ទៃដីតូចមួយប៉ុណ្ណោះ តែនៅពេលមើលឃើញពីសក្តានុពលទើបគេបានរួមគ្នាដាំបន្តបន្ទាប់រហូត បង្កើតជាសក្តានុពលដ៏ល្អនាពេលនេះតែម្តង៕. សំរិត

អត្ថបទដែលជាប់ទាក់ទង