អាជ្ញាធរខេត្តព្រះសីហនុ ឲ្យម្ចាស់ការដ្ឋានជួសជុលអ៊ូទូក នៅឃុំទំនប់រលកស្រុកស្ទឹងហាវ កាយដីចេញពីសមុទ្រវិញ ហើយទៅសុំច្បាប់សាជាថ្មី
ព្រះសីហនុ៖ ក្រោយពីមានករណីម្ចាស់ការដ្ឋានជួសជុលអ៊ូទូក នៅឃុំទំនប់រលកស្រុកស្ទឹងហាវ ចាក់ដីលុបឆ្នេរសមុទ្រ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងមូលដ្ឋានចម្រុះ ស្រុកស្ទឹងហាវ ចុះកាយដីលុប ឆ្នេរសមុទ្រវិញ។
រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកស្រីហៀក ហ៊ីមុល្លីអភិបាលរងខេត្ត កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំសមត្ថកិច្ចចម្រុះរបស់ខេត្ត និងស្រុកស្ទឹងហាវ អញ្ជើញពិនិត្យការដ្ឋានជួសជុលអ៊ូទូក នៅឃុំទំនប់រលកស្រុកស្ទឹងហាវ ដែលម្ចាស់ការដ្ឋានជួសជុលអ៊ូទូក កំពុងធ្វើការជួសជុលបន្ថែម ទីតាំងអ៊ូទូកនេះ រួមមាន ការពង្រីកដាក់ដែករ៉ៃថ្មី សម្រាប់អូសទូក ពីក្នុងទឹកយកមកជួសជុលលើដីគោក និងមានការចាក់ដីបន្ថែម ចូលទៅក្នុងទឹកសមុទ្រ ក្នុងការដ្ឋានជួសជុលអ៊ូទូកនោះផងដែរ ដែលម្ចាស់ការដ្ឋានអះអាងថា សម្រាប់បច្ចេកទេស ក្នុងការរៀបចំដាក់ដែករ៉ៃ នៅបាតដី ក្នុងទឹកសមុទ្រ ហើយបញ្ហាចាក់ដីចូល ក្នុងទឹកបែបនេះ ក៏បានទទួលរងនូវការរិះគន់ជាបន្តបន្ទាប់។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយ លោកស្រីហៀក ហ៊ីមុល្លី បានថ្លែងថា “តាមគោលការណ៍របស់លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្ត បានសម្រេចឲ្យម្ចាស់ការដ្ឋាន កាយយកដី ដែលចាក់ចូលសមុទ្រ ក្នុងការដ្ឋាននេះវិញ រួចតម្រូវឲ្យម្ចាស់ការដ្ឋាន ស្នើសុំច្បាប់ជាផ្លូវការ ដោយបង្ហាញពីគំរូប្លង់ត្រឹមត្រូវ ដាក់ជូនទៅកាន់អាជ្ញាធរខេត្ត ដើម្បីឲ្យផ្នែកជំនាញពាក់ព័ន្ធ ត្រួតពិនិត្យ មុននឹងអនុញ្ញាត ឲ្យជួសជុលអ៊ូទូកនេះបន្តទៀត”។
បើតាមលោកស្រីអភិបាលរងខេត្ត បានបញ្ជាក់ថា ជាគោលការណ៍រដ្ឋបាលខេត្ត គាំទ្រឲ្យមានកន្លែងជួសជុលទូកនេសាទ (អ៊ូទូក) ក្នុងស្រុកស្ទឹងហាវ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ពលរដ្ឋដែលយកទូកនេសាទ មកជួសជុល មិនបាច់ទៅរកការជួសជុល នៅប្រទេសថៃ ឬវៀតណាម ប៉ុន្តែការស្ថាបនាបន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងការរដ្ឋានអ៊ូទូកនេះ គប្បីមានច្បាប់ត្រឹមត្រូវសិន។
ជាមួយគ្នានេះដែរ លោកឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ថ្លែងប្រាប់បណ្តាញផ្សព្វផ្សាយដែរថា នៅស្រុកស្ទឹងហាវ មានទូកនេសាទជាង១ពាន់គ្រឿង ហើយអ៊ូទូកនៅឃុំទំនប់រលកនេះ បច្ចុប្បន្នចាស់ទ្រុឌទ្រោម និងអាចជួសជុលបានត្រឹមតែទូកនេសាទ ចំណុះ១០ឬ២០តោនប៉ុណ្ណោះ ចំណែកទូកចំណុះលើសពីនេះ ពិសេសទូកនេសាទចំណុះ៥០តោនទៅ៧០តោន មិនអាចឡើងជួសជុលនៅអ៊ូទូកនេះបានទេ គឺត្រូវទៅរកសេវាជួសជុល នៅប្រទេសថៃឬប្រទេសវៀតណាម។
លោកអភិបាលស្រុកបញ្ជាក់ថា ចង់ឲ្យមានកន្លែងជួសជុលទូកនៅក្នុងស្រុក ដែលមានស្តង់ដារល្អមួយ ស្របច្បាប់ និងមានការទទួលស្គាល់ពីស្ថាប័នជំនាញ ដើម្បីបំពេញតម្រូវការជូនពលរដ្ឋម្ចាស់ទូកនេសាទ ។ ក្រោយការសម្រេចបែបនេះ ម្ចាស់ការដ្ឋានអ៊ូទូកបានឲ្យគ្រឿងចក្រកាយយកដី ដែលចាក់ចូលក្នុងទឹកនោះវិញ ជាបណ្តើរហើយជាមួយ នឹងការផ្អាកសកម្មភាពពង្រីកការដ្ឋាន និងកំពុងរៀបចំជាច្បាប់ទម្លាប់ ប្លង់គោល ដើម្បីដាក់ជូនរដ្ឋបាលខេត្ត និងស្ថាប័នជំនាញពាក់ព័ន្ធ ពិនិត្យសម្រេចសាជាថ្មី រីឯដំណើរជួសជុលទូកនេសាទតូចៗ នៅដំណើរការធម្មតា។
ចំណែកលោក ពេជ្រ ស្រស់ បានសរសេរក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២២ ខែវិច្ឆិកានេះថា ”ខេត្តព្រះសីហនុ មានការចាក់ដីលុបសមុទ្រ យ៉ាងអាណាធិបតេយ្យ មិនមានអាជ្ញាធរណា ចុះទៅហាមឃាត់ឡើយ នេះប្រហែលជាអាជ្ញាធរ ងងឹតភ្នែកដោយសារលុយ ក្រាស់ក្រែល ដូច្នោះហើយអស់មន្ត្រីបានទទួលសំណូកហើយ លែងមានចំណាត់ការអីទាំងអស់។ សូម លោក ឯកឧត្តម យន្ត មីន មេត្តាមើលថ្នាក់ក្រោមៗផង ហើយក៏ត្រូវមានចំណាត់ការ ការពារសម្បត្តិរដ្ឋផងដែរ មិនត្រូវឲ្យមន្ត្រីពុករលួយធ្វើតាម តែអំពើចិត្តដោយឃុបឃិតនោះទេ “។ លោក ពេជ្រ ស្រស់ បានឲ្យដឹងថា “ឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រះសីហនុ បានហៅ ទូរស័ព្ទប្រាប់មកខ្ញុំថា ខណៈនេះឯកឧត្តមបានបញ្ជាមន្រ្តី ស្រុកស្ទឹងហាវ ឲ្យចុះកាយដីដែលចាក់លុបនោះចេញវិញ ហើយ ដោយនឹងអនុវត្តន៍កាយចេញក្រោយបុណ្យអុំទូក ឬថ្ងៃស្អែកនេះតែម្តង ដើម្បីពិនិត្យភាពមិនស្របច្បាប់ ឬ ភាពស្របច្បាប់របស់អ្នកចាក់លុបនោះ”។
ខេត្តព្រះសីហនុ ខណៈដីកំពុងឡើងថ្លៃ ករណីចាក់លុបសមុទ្រ យកដី កកើតមានបន្តបន្ទាប់ដែរ។ កន្លងមកថ្មីៗនេះ លោកស្រី ជឹង សុភាព ហៅ យាយភូ បានលុបសមុទ្រយកដីដែរ រហូតមានការអន្តរាគមន៍ ថ្នាក់ក្រសួង ចុះទៅហាមឃាត់។
ប្រជាជនបាននិយាយថា បើករណីចាក់ដីបំពាន ដោយខុសច្បាប់ ហើយមានដំណោះស្រាយ ត្រឹមទៅហាមឃាត់ និងកាយចេញវិញ នោះមិនខុសពីការវែកចកនោះទេ បើគ្មានការផាកពិន័យ និងផ្តន្ទាទោសឲ្យធ្ងន់ធ្ងរ។ គេទន្ទ្រានយកភ្នំ យកសមុទ្ររបស់ជាតិ បែរជាគ្មានទោស ចាំបាច់អីទៅផ្តន្ទាទោស ចោរឆក់កាបូប៕